ភ្នំពេញ ៖ មានរថយន្តម៉ាកISUZU ជាប្រភេទរថយន្តទ្រុងដឹកស៊ីម៉ង់ត៍ មួយគ្រឿង ដោយតៃកុង បើកបរខ្វះការប្រុងប្រយ័ត្ន ហើយវ៉ាក់អើ ជាមួយរថយន្តផ្សេងនៅខាងមុខ បានបួងចង្កូតគេច ជ្រុលធ្លាក់ចូលក្នុងទឹកប្រឡាយ គាំងមួយយប់មួយថ្ងៃ តែម្នាក់ឯង រហូតមកដល់ល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ទៅហើយ នៅមិនទាន់ឃើញម្ចាស់មកអូសចេញទៀត ដោយទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ ក្នុងភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តខាងលើនេះ ម៉ាក ISUZU ប្រភេទ រថយន្តទ្រុង ដឹកស៊ីម៉ង់ត៍ ពណ៌ស មើលមិនឃើញស្លាកលេខទេ ឃើញមានបិទ ឡូហ្គូ HC ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តខាងលើ បានជួបបញ្ហា ធ្លាក់ផ្លូវចូលប្រឡាយទឹកតាំងពីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ មកម្ល៉េះ ហើយមុនកើតហេតុ រថយន្តខាងលើ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចខាងលើ ដោយស្ថានភាពចរាចរណ៍ កែងផ្លូវ៣០ម៉ែត្រ មានយានជំនិះច្រើនកកស្ទះពេក ព្រមទាំងចាប់ហ្វ្រាំងមិនស៊ីផង ទើបអ្នកបើកបរសម្រេចបួងចង្កូតគេចជ្រុលធ្លាក់ចូលប្រឡាយទឹកតែម្តង តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ឬអ្នកដទៃនោះទេ ។
បន្ទាប់មក រថយន្តបង្កបញ្ហាខាងលើ ត្រូវបានម្ចាស់ទុកចោលត្រាំទឹកប្រឡាយមួយយប់មួយថ្ងៃ ព្រោះតែម្ចាស់អាងថា មិនបានបង្កឲ្យខូចខាតដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងសម្បត្តិរដ្ឋ ហើយសមត្ថកិច្ចមូលដ្ឋានក៏មិនរវល់ដែរ ៕ ភារ៉ា ដង្កោ