ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឆែក​ក្នុង​អាស្រម​សង្ឃ​អង្គ​រកឃើញ​កាំភ្លើងកែ​ច្នៃ​និង​សម្ភារ​ល្មើសច្បាប់​មួយចំនួន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាល​ស្រុកកំរៀងបាន​សហការ​ជាមួយ​មន្ត្រី​ការិយាល័យធម្ម​ការនិងសាសនាស្រុក កាលពីថ្ងៃអង្គារ ១១ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១៨ បានចុះ​ឆែកឆេរ​អាស្រម​ព្រះសង្ឃ​មួយអង្គ ដែល​គង់នៅ​ចំណុច​ភ្នំ៨២ ស្ថិតក្នុង​ភូមិ​ចាំ​ចាប ឃុំ​បឹងរាំង ស្រុក​កំរៀង បន្ទាប់ពី​មានការ​សង្ស័យ​ថាសង្ឃ​អង្គ​នេះ មាន​លាក់ទុក​កាំភ្លើងកែ​ច្នៃ​និង​សម្ភារ​ល្មើសច្បាប់​មួយចំនួន ។

មន្រ្តីនគរបាលស្រុកកំរៀងបានឲ្យដឹងថា ភិក្ខុសង្ឃ​អង្គ​នោះ នាម ហ៊​ន អង អាយុ៣២ឆ្នាំ បច្ចុប្បន្ន​គង់នៅ​អាស្រម​ចំណុច​ភ្នំ​ខាងលើនេះ។បន្ទាប់ពីមានប្រជាពលរដ្ឋល្អរាយការណ៍ ពីសកម្មភាពលោកសង្ឃមួយអង្គបានលាក់អាវុធខុសច្បាប់នោះសមត្ថកិច្ចនគរបាលស្រុកកំរៀង​និង​អនុគណ​ស្រុក រួមទាំង​មន្ត្រី​ធម្មការ​ផង បាន​ចុះ​ត្រូតពិនិត្យ​និង​ឆែកឆេរ​នៅក្នុង​អាស្រម​អង្គ​នេះ ដោយ​រកឃើញ​វត្ថុតាង​មួយចំនួន រួមមាន​ដក​កាំភ្លើង​ខ្យល់​បាញ់​គ្រាប់កង់​ចំនួន១ដើម, កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក១ដើម(ខូចគុណភាព) តែមាន​បង់១ និង​គ្រាប់​ចំនួន៩គ្រាប់, ខ្នោះដៃ១គូ, វិទ្យុ​ទាក់ទងម៉ាក​MOTOROLA ១គ្រឿង, ដាវ​សា​មូរ៉ៃ១ដើម, កាំបិត​ចំពុះទុង១ដើម និង​មួក​នគរបាល១ ។

សមត្ថកិច្ច​បាន​ប្រាប់ថា ជាមួយនឹង​ការចុះ​ឆែកឆេ​នេះ មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​ទឹកនោម​ភិក្ខុសង្ឃ​អង្គ​នេះ​រកឃើញថា សង្ឃ​អង្គ​នេះ​មាន​ផ្ទុក​សារធាតុ​ញៀន​ទៀតផង ។ បន្ទាប់ពី​ធ្វើការ​ដកហូត​នូវ​វត្ថុតាង​ទាំងនោះ មន្ត្រី​ធម្មការ និង​លោកគ្រូ​អនុគណ​ស្រុក​កំរៀង បានចាប់ផ្សឹកអង្គនេះប្រគល់ជូនសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតតាមច្បាប់ ៕ សហការី


ចែករំលែក៖