ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុក នឹងរថយន្តបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង៥០នាទី ថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ភូមិទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរនេះនៅលើកំណាត់ផ្លូវលេខ 264C មូលហេតុ បង្កដោយអ្នកបើកបររថយន្តបើកបរថយក្រោយចេញពីឃ្លាំង ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបរម៉ូតូមានល្បឿនលឿន ។
ជនរងគ្រោះអ្នកបើកបរម៉ូតូកូរេ C100 ពណ៌ក្រហម ស្លាកលេខ កំពង់ធំ 1B.8923(បើកបរផ្លូវត្រង់ពីលិចទៅកើត) ដោយ ឈ្មោះ អន សុវិច្ឆកា ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិព្រៃវែង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ )(មិនពាក់មួកសុវត្ថិភាព)។
ចំណែករថយន្តម៉ាក ហ៊ីយិនដាយ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 3A.5689 (បើកបរថយក្រោយចេញពីឃ្លាំងមកលើទ្រូងផ្លូវពីត្បូងទៅជើង) ដោយឈ្មោះ ស្រ៊ុន គឹមស្រៀង ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិរំចេក ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ (បានរត់គេចខ្លួន) ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ ប្រគលសាសពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី