ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន លួចម៉ូតូចិនគ្នាឯង ក្នុងខុនដូរយីហោ«កាសា» ត្រូវសមត្ថកិច្ចខណ្ឌចំការមនចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូជនជាតិចិនគ្នា នៅក្នុងខុនដូរយីហោ«កាសា» ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនបាន កាលពីវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃអង្គារ ១១កើត ខែមិកសិរ ឆ្នាំច សំរិទ្ធិស័កព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចខុនដូកាសា ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យមាន ឈ្មោះ ថឹង ហ័រ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ស្នាក់នៅខុនដូយីហោ កាសា (កោះពេជ្រ) ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ និងគ្មានលិខិតឆ្លងដែន។ ចំណែកជនរងគ្រោះមានឈ្មោះ SENG LIAN ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិសឹង្ហបុរី ស្នាក់នៅខុនដូរ កើតហេតុខាងលើ និងជាអ្នកគ្រប់គ្រងភោជនីយដ្ឋានក្លឹបយីហោ៨៨ នៅម្តុំបឹងកេងកងទី១ ខណ្ឌចំការមន ជាម្ចាស់ម៉ូតូម៉ាកហុងដាឃ្លិច ពណ៌ក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GT-8864 ។

មន្រ្តីនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឃ្លិច ពណ៌ក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GT-8864 មកសម្រាកនៅខុនដូកើតហេតុខាងលើ ដោយបានចតម៉ូតូនៅខាងក្រោមខុនដូ រួចក៏ឡើងទៅសម្រាកក្នុងបន្ទប់បាត់ទៅ ដោយពុំចាប់អារម្មណ៍ថាខ្លួនភ្លេចដកកូនសោម៉ូតូនៅជាប់នឹងម៉ូតូនោះទេ ។​ លុះក្រោយមកជនរងគ្រោះបានដើរចុះមកយកម៉ូតូ បំណងជិះទៅញ៉ាំអីនៅខាងក្រៅ ស្រាប់តែបាត់ម៉ូតូតែម្តង។ លុះដល់ម៉ោង៨និង៣០នាទីយប់ ដដែលជនរងគ្រោះបានមើលកាមេរ៉ាសុវត្ថិភាពរបស់ខុនដូឃើញជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះជិះចេញពីខុនដូបាត់ ហើយជនរងគ្រោះបានដឹងថាជនសង្ស័យស្នាក់នៅខុនដូជាមួយគ្នា ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យក្នុងបន្ទប់ទទួលភ្ញៀវ ។ ចំណែកម៉ូតូសមត្ថកិច្ចបានស្រាវជ្រាវរកឃើញនៅមុខក្រុមហ៊ុន E.C.M កោះពេជ្រ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានជនរងគ្រោះប្រគល់ជូនសមត្ថកិច្ចចាត់ការតាមនីតិវិធី ៕ស រស្មី


ចែករំលែក៖