ព័ត៌មានទាន់ហេតុការណ៍៖

ចាប់វ៉ៃខ្នោះ លោក យ៉ា សុផល ក្នុងករណីរារាំងកាងបទល្មើសព្រៃឈើនិងវាយសមត្ថកិច្ចឲ្យ​របួសស្នាម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ បានចាប់វ៉ៃខ្នោះ លោក យ៉ា សុផល ហៅទៀង នាយរង ប៉ុស្តិ៍ស្អំ វរសេនាតូច ការពារព្រំដែនគោក៦១៥ នៃស្នងការដ្ឋាន នគរបាល ខេត្តត្បូងឃ្មុំដើម្បីបញ្ជូនទៅកាន់ តុលាការ កាលពីរសៀល ថ្ងៃអង្គារ ១១ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីបន្តការសួរនាំ ចាត់ការតាមច្បាប់។

ការចាប់វ៉ៃខ្នោះ លោកយ៉ា សុផលនេះ បានធ្វើឡើង ពាក់ព័ន្ធសកម្មភាពដែលលោក ស្រវឹងស្រា រារាំងប្រតិបត្តិការបង្ក្រាប រថយន្តដឹកឈើ ២គ្រឿងរបស់សមត្ថកិច្ចខេត្តត្បូងឃ្មុំ និងវាយ កញ្ចប់មាត់បង្កឲ្យមានរបួសស្នាម ទៅលើលោក ឆេន សុផាត មន្រ្តីនគរបាលខេត្ត កាលពីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ។

មន្រ្តីនគរបាលខេត្តត្បូងឃ្មុំបានឲ្តដឹងថា កាលពីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ច ខណ្ឌរដ្ឋបាលព្រៃឈើ ដឹកនាំដោយនាយ សង្កាត់រដ្ឋបាល ព្រៃឈើតំបែរ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថ ស្នាក់ការ៧០១ កម្លាំង នគរបាលខេត្ត និងផ្នែកសឹករង ខេត្តត្បូងឃ្មុំ បានចុះបង្ក្រាប រថយន្តដឹកឈើ ចំនួន ២គ្រឿង ដឹកឈើជាង ៥០០គីឡូក្រាម នៅភូមិសាស្រ្ត ភូមិបុស្សចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។

នៅពេលចុះ បង្ក្រាបនោះ ស្រាប់តែមាន ឈ្មោះ យ៉ា សុផល ហៅទៀង ជានាយរង ប៉ុស្តិ៍ស្អំ វរសេនាតូច ការពារព្រំដែនគោក៦១៥នៃស្នការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំបាន មកគំរាម​កំហែង និងវាយតប់ត្រូវកញ្ចប់មាត់ លោក ឆេន សុផាត មន្រ្តីនគរបាលខេត្ត ជាកម្លាំង សហ​ការ ជាមួយជំនាញ រដ្ឋបាលព្រៃឈើបណ្តាលមានរបួសស្នាម។បន្ទាប់មក ឈ្មោះ យ៉ា សុផល ក៏បានប្រទូស្តរាយ ជាមួយលោក ឃឹម ប៊ុនធឿន នាយរង សង្កាត់រដ្ឋបាល ព្រៃឈើតំបែរ ដោយមានការចង្អុលមុខ ហើយប្រមាថ ក្នុងន័យរារាំង និងកាង បទល្មើសព្រៃឈើ តែមិនបង្ករបួសស្នាម មកលើ មន្រ្តីរដ្ឋបាលព្រៃឈើទេ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ដោយយល់ឃើញថា ទង្វើរបស់លោកយ៉ា សុផល ហៅ​ទៀង មិនគប្បីជាមួយសមត្ថកិច្ចកំពុងប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើ ទើបលោកស្នង​ការនគរបាលខេត្តត្បូងឃ្មុំបញ្ជាឲ្យឃាត់ខ្លួនឈ្មោះ យ៉ា សុផល បញ្ជូនទៅតុលាការ ៕ សហការី


ចែករំលែក៖