ខេត្តកណ្ដាល៖ សាកបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្អុយរលួយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកទន្លេរបាសាក់ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ ហ៊ីម គ្រន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡានដឹកអុស មានទីលំនៅភូមិតាំងក្រង ឃុំស្វាយជុក ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង ។
ប្រភពដដែលបន្ដថា តាមការឲ្យដឹងរបស់ក្រុមគ្រួសារជនរងគ្រោះថា ជនរងគ្រោះជាមនុស្សមានជម្ងឺសរសៃប្រសាទ ហើយជនរងគ្រោះបានបាត់ពីផ្ទះចាប់តាំងពីថ្ងៃទី១៤មកម្លេះ ដោយពុំដឹងថា ដើរទៅទីណានោះទេ ។ រហូតមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១១ ទើបក្រុមគ្រួសារជនរងគ្រោះទទួលព័ត៌មានពីសមត្ថកិច្ចយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី ។
ប្រភពដដែលបន្ដទៀតថា បន្ទាប់ពីសមត្ថកិច្ចជំនាញស្រុកស្អាងទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានសាកសពអណ្ដែតទឹកនៅក្នុងទន្លេរបាសាក់ ត្រង់ចំណុចភូមិ/ឃុំកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញស្រុក បានចុះទៅដល់ចំណុចកើតហេតុ រួចធ្វើការពិនិត្យសាកសពជនរងគ្រោះ ដោយសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល ក្រុមប្រឹក្សាឃុំ ,គ្រូពេទ្យឃុំ និងមេភូមិ រួចពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដ ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ៕ ស្អាងជ័យ