ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីមន្ទីរធនធានទឹក និងឧតុនិយមចុះដោះទឹកជូនពលរដ្ឋ៣ភូមិ នៅស្រុកកណ្ដៀង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្រុមការងារមន្រ្ដីមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចុះដោះទឹកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣ភូមិដោយជោគជ័យ នៅគ្រាដែលពួកគាត់កំពុងជួបការខ្វះខាតទឹកស្រោចស្រប់ដំណាំស្រូវ។

ប្រតិបត្តិការខាងលើនេះធ្វើឡើងនៅថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ទីខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្បាលឈើពុក ត្រពាំងថ្ម និងបឹងពាម ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមដែលបានដឹកនាំក្រុមការងារចុះប្រត្តិបត្តិការខាងលើប្រាប់ថា ជំនាញបានដោះស្រាយទឹកជូនបងប្អូនប្រជាកសិករទាំងចំនួន ៣ភូមិបានដោយជោគជ័យ ដែលមានផ្ទៃដីសរុបចំនួន ១១៥០ហិតា ហើយបងប្អូនប្រជាកសិករក៍បានទទួលស្វាគមន៍ដោយក្ដីរីករាយផងដែរ។

លោក ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្តថា សម្រាប់ខេត្តពោធិ៍សាត់ទាំងមូលតំបន់ដែលមានប្រភពទឹកមន្រ្តីមន្ទីរជំនាញដោះស្រាយជូនបងប្អូនប្រជាកសិករមិនឲ្យទាស់ចិត្តឡើយ ហើយសព្វថ្ងៃនេះមានការចន្លោះប្រហោងខ្លះៗ ខណៈដែលបងប្អូនប្រជាកសិករយើងបង្កបង្កើនផលស្រូវបានច្រើនលើសពីការត្រៀម ខណៈដែលមន្រ្ដីមន្ទីរជំនាញត្រៀមផ្ទៃដីចំនួន ៩០០០ហិតា ហើយបងប្អូនប្រជាកសិកយើងធ្វើរហូតដល់ទៅចំនួន ២០០០ហិតាឯណុះ ដូច្នេះពិតជាល្អប្រសើណាស់មន្ទីរជំនាញនឹងមានផែនការត្រៀមជានិច្ច។

លោក បន្តទៀតថា ប្រព័ន្ធស្រោចស្រប់សំណង់ទ្វារទឹកដំណាក់អំពិលធំជាងគេនៅខេត្តពោធិ៍សាត់ អាចផ្គត់ផ្គង់ដំណាំស្រូវជូនបងប្អូនប្រជាកសិករយើងនៅស្រុកបាកានដល់ទៅ ៩០% ហើយនៅសល់ចំនួន ១០%ទៀតយើងអាចផ្គត់ផ្គង់សម្រាប់ស្រុកកណ្ដៀងបាន និយាយរួមតំបន់ណាមានប្រភពទឹក ទីនោះនឹងមានការដោះស្រាយជានិច្ច៕ ប៉ឹមពិន

 


ចែករំលែក៖