ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបាឡែនមួយគ្រឿងត្រូវមិត្តភក្តិលួចយកទៅលាក់ទុក រួចខ្ចីម៉ូតូម្ចាស់ផ្ទះក្បែរនោះជិះគេចខ្លួនទៅបាត់

ចែករំលែក៖

ខេត្តរតនគិរី ៖ រថយន្តមួយគ្រឿងត្រូវបានជនសង្ស័យ ជាមិត្តភក្តិលួចហើយយកមកលាក់ទុក នៅក្បែរផ្ទះប្រជាពលរដ្ឋមួយកន្លែង រួចខ្ចីម៉ូតូម្ចាស់ផ្ទះជិះគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចច្រកទ្វារព្រំដែន អន្តរជាតិអូរយ៉ាដាវ ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី​​ ។

ប្រភពពីសមត្ថកិច្ចថា ជនរងគ្រោះម្ចាស់រថយន្ត ឈ្មោះ វៀត ជីថាញ់រស់នៅភូមិតាវៀន ឃុំសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ ជនសង្ស័យឈ្មោះ ប៉ាក់ តាឡាន់ ភេទប្រុស បច្ចុប្បន្ន រស់នៅក្រុងបានលុង ខេត្តរតនគិរី ។

ប្រភពបន្តថា ជនសង្ស័យ បានលួចរថយន្ត ម៉ាក CAMNARY បាឡែន ផលិតឆ្នាំ២០០២ ពណ៌ទឹកមាស ពាក់ស្លាកលេខ២B៣១១០ ហើយ ក៏បើកមកលាក់ទុកនៅចំណុចផ្ទះឈ្មោះ អន ធី​​ ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ធំ ស្រុកអូរយ៉ាដាវ រួចក៏ខ្ចីម៉ូតូម្ចាស់ផ្ទះជិះគេចខ្លួនបាត់ស្រមោល មុនពេលដែលសមត្ថកិច្ចទៅដល់ ។

តាមប្រភពថា ជនសង្ស័យ និងជនរងគ្រោះជាមិត្តភក្តិនឹងគ្នា មុនកើតហេតុ ទាំងពីរនាក់យកលិខិតឆ្លងដែនឲ្យសមត្ថកិច្ចពិនិត្យដើម្បីទៅប្រទេសវៀតណាម ខណៈនោះជនសង្ស័យ ក៏គេចវេះមកបើកបររថយន្តដែលមានកូនសោជាប់នៅក្នុងនោះស្រាប់ ចេញមកលាក់ទុក ដោយមិនបានប្រាប់ម្ចាស់ជាមិត្តភក្តិនោះមួយម៉ាត់ទេ ថែមទាំងខ្ចីម៉ូតូម្ចាស់ផ្ទះទៅបាត់ទៀត។

បន្ទាប់ពីកើតហេតុវត្ថុតាងរថយន្តខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ហើយសមត្ថកិច្ចកំពុងដ្រាវជ្រាវបន្ត ៕​ ជីវន្ត័


ចែករំលែក៖