ខេត្តកោះកុង៖ បុរសមិនស្គាល់អត្តសញ្ញាណមានវ័យជាង៣០ឆ្នាំម្នាក់ ដែលគេសង្ស័យប្រើប្រាស់ថ្នាំញៀនជ្រុល បានឡើងលើបង្គោលភ្លើងចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ។
ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីយប់ ថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកស្រែអំបិលបានឲ្យដឹងថា នៅពេលនោះបើទោះបីជាមានការធ្វើអន្តរាគមន៍ និងព្យាយាមលួងលោមពីសំណាក់សមត្ថកិច្ចជំនាញ និងប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ចុងក្រោយបុរសម្នាក់នេះ នៅតែសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយវិធីយកស្រាតខោ ដោះអាវ ចងកនៅលើបង្គោលភ្លើងកម្ពស់ជាង៥ម៉ែត្រដដែលបណ្តាលឲ្យ ស្លាប់យ៉ាងរន្ធត់។
ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីទៅដល់កន្លែងកើតហេតុ ហើយឃើញសកម្មភាពភ្លាមនោះ លោកអធិការនគរបាលស្រុកស្រែអំបិល បានទូរស័ព្ទទៅកាន់លោក សំរឹទ្ធ សុទ្ធី ដើម្បីបិទចរន្តអគ្គិសនីជាបណ្តោះអាសន្ន ព្រោះខ្លាចឆក់ជនរងគ្រោះស្លាប់។ ស្របពេលជាមួយគ្នានោះ សមត្ថកិច្ចក៏បានធ្វើសតិអារម្មណ៍ឲ្យជននោះចុះមកវិញ តែជននោះមិនព្រមចុះឡើយ។ រហូតដល់ម៉ោង៧និង៣០នាទីយប់ថ្ងៃដដែលដែលមានរយៈពេលជាងមួយម៉ោងកន្លះនោះ ជនរងគ្រោះបានដោះអាវព្យួរខ្សែកាប្លិ៍ និងស្រាតខោខ្លួនឯង ហើយចងកសម្លាប់ខ្លួនជាប់ជាមួយខ្សែកាប្លិ៍ស្លាប់ភ្លាមតែម្តង ខណៈដែលសមត្ថកិច្ចប្រើប្រាស់វិធីលួងលោមតែជនរងគ្រោះនៅតែមិនស្តាប់។ ទីបំផុតសមត្ថកិច្ចបានត្រឹមតែរកអ្នកឡើងបង្គោលភ្លើង ទៅយកសាកសពរងគ្រោះចុះក្រោមដើម្បីស្រាវជ្រាវរកក្រុមគ្រួសារប៉ុណ្ណោះ ៕ សហការី