ខេត្តកណ្ដាលៈ បុរសម្នាក់ជាមុខសញ្ញាទើបចេញពីពន្ធនាគា ត្រូវសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួន បន្ទាប់ពីបុរសសង្ស័យខាងលើ បានផឹកស្រាស្រវឹងបែកគំនិតរករឿង បំផ្លាញទ្រព្យសម្បត្ដិ និងយកកាំបិតដេញកាប់ប្រពន្ធកូនខ្លួនឯងទៀតផង ។ ករណីហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងកាលពីថ្ងៃច័ន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅវេលាម៉ោង១៧និង៣០នាទី ស្ថិតក្នុងភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ស្រេង ពុត ភេទប្រុស អាយុ៥០ឆ្នាំ រីឯស្រ្ដីរងគ្រោះឈ្មោះ ហ៊ល ចាន់ធឿន ភេទស្រី អាយុ៥០ឆ្នាំ ។ ជនសង្ស័យនិងស្រ្ដីរងគ្រោះត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមានកាំបិតប៉័ងតោដងជ័រប្រវែង២៨ សង់ទីម៉ែត្រចំនួន១ និងកូនកាំបិតចុងស្រួចដងជ័រប្រវែង២៨សង់ទីម៉ែត្រចំនួន១ ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ស្រ្ដីរងគ្រោះបានឲ្យដឹងដថា កន្លងមកជនសង្ស័យតែរករឿង ជេរប្រមាថប្រពន្ធកូន និងបំផ្លាញទ្រព្យសម្បត្ដិនៅក្នុងផ្ទះទៀតផង ខណៈដែលស្រវឹងស្រាម្ដងៗ រហូតប្រពន្ធប្ដឹងសមត្ថកិច្ចនគរបាលឲ្យចាប់ខ្លួនដាក់ពន្ធនាគាម្ដងរួចមកហើយ ទើបតែចេញពីពន្ធនាគាជាងមួយខែនេះទេ ។ លុះមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យ(ជាប្ដី)ខាងលើបានទិញស្រាយកមកផឹករហូតដល់ស្រវឹងជោគជាំ បានបែកគំនិតរករឿង ជេរប្រមាថ ប្រពន្ធកូនម្ដងទៀត មិនត្រឹមតែប៉ុណ្ណោះថែមទាំងយកកាំបិតដេញកាប់ដេញចាក់ប្រពន្ធកូនរបស់ខ្លួនទៀតផង ជាហេតុធ្វើឲ្យប្រពន្ធកូនមានការភិតភ័យ រហូតមកដល់ថ្ងៃទី១៩ ខែឆ្នាំដដែល ទើបសម្រេចដាក់ពាក្យបណ្ដឹងទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកឫស្សីដើម្បីចាប់ខ្លួន ។
ក្រោយពីសមត្ថកិច្ចនគរបាលទទួលបានពាក្យបណ្ដឹងពីស្រ្ដីរងគ្រោះរួច ភ្លាមនោះកម្លាំងនគរបាលបានចុះចាប់ខ្លួន រួចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ