ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៤នាក់ និងត្រាក់ទ័រ២គ្រឿងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធ រំលោភដីព្រៃលិចទឹក ក្នុងតំបន់៣

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ១៥ និង០០ នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ និង មានការចូលរួមពីលោកវរៈសេនីយ៍ទោ ស សុបិន្ត នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានចុះអនុវត្តឃាត់ត្រាក់ទ័រចំនួន២គ្រឿង និងមនុស្សចំនួន៤នាក់ ស្រី១នាក់ កំពុងតែជាន់ដីធ្វើស្រែ នៅចំណុចវាលស្រង៉ែ តំបន់ផ្អែកដំបង(ដីតំបន់៣)ក្នុងទឹកដីឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ។

ជនសង្ស័យទី ១.ឈ្មោះ កៀម កុយ ភេទប្រុស អាយុ ៤៤ ឆ្នាំ ទី ២.ឈ្មោះ វាន់ ណារ៉េត ភេទស្រី អាយុ ៤០ ឆ្នាំទាំង០២នាក់នៅភូមិអូរកន្ធជើង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ៣.ឈ្មោះ សឿន ដារ៉ូ ហៅ ក្រឹង ភេទប្រុស អាយុ ២៣ ឆ្នាំ នៅភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ៤.ឈ្មោះ រួន ណារៀម ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិឬស្សីដួច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ ជនសង្ស័យទាំង០៤នាក់ និងត្រាក់ទ័រ០២គ្រឿងបាននាំយកមកអធិការដ្ឋាននគរបាលស្រុក កំពង់ស្វាយដើម្បីរៀបចំសំណុំរឿងអនុវត្តនីតិវិធី ។

លោក ខេន ឈុនគ័រ អធិការនគរបាលស្រុកកំពង់ស្វាយបានឲ្យដឹងថាជនសង្ស័យ៤នាក់ និងត្រាក់ទ័រ២គ្រឿងត្រូវសមត្ថកិច្ចកសាងសំនុំរឿងទៅតុលាការហើយកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖