ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់របួសធ្ងន់និង រថយន្តសាំយ៉ុង០១គ្រឿងឆេះខូចខាតទាំងស្រុង​ ករណីរថយន្តបុករថយន្ត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ បុរសម្នាក់រងរបួសធ្ងន់ និងរថយន្តម៉ាក សាំយ៉ុង ដឹកផ្លែឈើ ១គ្រឿងបានឆាបឆេះអស់ទាំងស្រុង ដោយករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកបន្លែខាងលើបុកគូថរថយន្តម៉ាក ហ៊ីយ៉ានដាយ ពីក្រោយ នៅលើផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៥-១៥៦ ស្ថិតក្នុងភូមិប៉បិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង០០ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ក្រហម-ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-5710 ធ្វើដំណើរក្នុងទិសដៅពីលិចទៅទិសខាងកើត លុះមកដល់ចំណុចបានឈប់នៅលើចិញ្ចើមផ្លូវមួយសន្ទុះក្រោយមក ស្រាប់តែមានរថយន្តម៉ាក សាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-2884 ដឹកផ្លែឈើពេញរថយន្ត បើកបរក្នុងទិសដៅស្របគ្នា ក៏បានជ្រុលបុកពេញទំហឹងបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ហើយក៍បានរងរបួសធ្ងន់តៃកុងម្នាក់ធ្ងន់ផងដែរ ក្រោយពេលកើតហេតុតៃកុងរថយន្ត ម៉ាកហ៊ីយ៉ានដាយ បានបើកគេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

លោកវរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងរបួសឈ្មោះ ឈុន សារួន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកណ្តាល ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង សមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

លោកអធិការបានបន្តថា ក្នុងករណីគ្រោះថ្នាក់នេះសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១រថយន្តផងដែរ ទើបគ្រប់គ្រងស្ថានភាពពន្លត់អគ្គីភ័យក្នុងការឆាបឆេះនេះបាន ។

លោក បន្តទៀតថាក្រោយពេលកើតហេតុរថយន្តម៉ាក ហ៊ីយ៉ានដាយ សមត្ថកិច្ចយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដោយឡែករថយន្ត សាំយ៉ុង ដែលឆេះសមត្ថកិច្ចទុកនៅលើចិញ្ចើមផ្លូវ រងចាំយករថយន្តស្ទូច មកស្ទូចដើម្បីរក្សាបាន សណ្តាប់ធ្នាប់ឡើងវិញ ៕ ប៉ឹម ពិន


ចែករំលែក៖