ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំឃាត់ខ្លួនបុរសម្នាក់​ករណីវាយដំលើប្រពន្ធ​

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសជាប្ដីកំហូចម្នាក់​បាន​ប្រើអំពើ​ហិ​ង្សាក្នុងគ្រួសារវាយដំប្រពន្ធ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឈើតុំធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចតាំងល្វា ស្ថិតក្នុងភូមិឈើទែប ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្ដិ៍រដ្ឋបាលបានឲ្យដឹងថា បុរសជាប្ដីកំហូចរូបនោះ ឈ្មោះ ខាន់ សារិទ្ធ អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន នៅភូមិ.ឃុំកើតហេតុខាងលើ បានវាយដំទៅលើប្រពន្ធឈ្មោះ ភឿន សុធា អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា។

ប្រភពបន្តថាតាមបញ្ជាលោកព្រះរាជអជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៧៖១០នាទី បុរសជាប្ដីកំហូចរូបនោះត្រូវបាន​ឃាត់ខ្លួន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ដើម្បីធ្វើការអប់រំ៕ បុឹម ពិន


ចែករំលែក៖