ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនលោក ឡាយអិនអតីតពិធីករទូរទស្សន៍CTN និងបក្ខពួក៣នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅមជ្ឈមណ្ឌលកំសាន្តរ៉ុក

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៤នាក់ (ម្នាក់អតីតពិធីករទូរទស្សន៍ CTN លោកឡាយអិន) ដែលមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅមជ្ឈមណ្ឌលកំសាន្តរ៉ុក ត្រូវបានកម្លាំងជំនាញ”ក៦” នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបាន និងដកហូតបានគ្រឿងញៀនប្រភេទអិចស្តាស៊ី១៥៦២គ្រាប់ និងម្សៅក្រាមពណ៍សថ្លាសរុបជាង១គីឡូក្រាម និងកាំភ្លើងខ្លីមួយដើមរួមនិងវត្ថុតាងមួយចំនួនទៀត ។

ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលា២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខមជ្ឈណ្ឌលកំសាន្តរ៉ុក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកម្លាំងជំនាញ”ក៦” នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១-ឈ្មោះ ហែម បូរិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជាពិធីករទូរទស្សន៍ (ឌីជេឡាយអិន) ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ទី២-ឈ្មោះ វ៉ា ស្រីណា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ទី៣-ឈ្មោះ អ៊ិន សាខន ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់ផ្ទះជួលលេខ៦A ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មេក្លោង) ។ ទី៤-ឈ្មោះស៊ិន សំភ័ស្ត ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិ៤ សង្កាត់បឹងស្រឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ឈ្មោះនេះទើបចេញពីពន្ធនាគារ ពាក់ពន្ធករណីជួញដូរគ្រឿងញៀននិងត្រូវជាក្មួយនាយករងមន្ទីរគ្រឿងញៀនម្នាក់ ហើយក៏ជាម្ចាស់អាវុធខ្លី១ដើមនោះផង ។

សមត្ថកិច្ចជំនាញបន្តថា ក្នុងប្រតិបត្តិការនោះកម្លាំងបានឃាត់ខ្លួនលោកហែម បូរិទ្ធ ហៅឡាយអិន នៅចំណុចមុខមជ្ឈណ្ឌលកំសាន្តរ៉ុក និងដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់១៥០ក្រាម កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ រហូតមកដល់ម៉ោង២និង៣០នាទីឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងជំនាញ”ក៦” នៃមន្ទីរប្រឆាំងគ្រឿងញៀន បន្តប្រតិបត្តិការឃាត់នារីសង្ស័យម្នាក់ទៀត នៅចំណុចក្នុងមជ្ឈមណ្ឌលរ៉ុក បន្ទប់លេខ១០៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ហើយបន្តទៅឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ឈ្មោះអ៊ិន សុខន ភេទប្រុស អាយុជាង៤០ឆ្នាំ និង ឈ្មោះស៊ិន សម្ផស្ស រឺហៅស៊ិន សំភ័ស្ត នៅចំណុចមុខក្លឹបអ៊ឹមផាយអឺ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងចាប់យកវត្ថុតាង៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់២២៤.៣៩ក្រាម និងអិចស្តាស៊ី១៥៦២គ្រាប់ ទម្ងន់
៦០៩.៣៣ក្រាម ។

ក្រោយប្រតិបត្តិការរួចជាលទ្ធផល កម្លាំងបានឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ និងចាប់យកវត្ថុតាងសរុបមាន ៖១; មេតំហ្វេតាមីន៣៧៤.៣៩ក្រាម ។ ២; អិចស្តាស៊ី៦០៩.៣៣ ក្រាម ។ ៣-កាំភ្លើងខ្លី ១ដើម ម៉ាកឡុក ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងចំណោមជនល្មើសទាំង៤នាក់នោះមានម្នាក់ឈ្មោះ ស៊ិន សម្ផស្ស រឺ ស៊ិន សំភ័ស្ត ធ្លាប់ជាប់ពន្ធនាគារ០១ដងពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងជាមេខ្លោង ក្នុងករណីខាងលើ ។

បច្ចុប្បន្នជនសង្ស័យរួម និងថ្នាំញៀនជាងមួយគីឡូ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ស រស្មី


ចែករំលែក៖