ព័ត៌មានទាន់ហេតុការណ៍៖

នៅ ស៊ីនឿន និងគូស្នេហ៍នៅអាមេរិកកាន់តែផ្អែមល្ហែមមុនភ្ជាប់ពាក្យចុងខែនេះ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតហង្សមាសលោក នៅ ស៊ី​នឿន បានធ្វើដំណើរពីប្រទេសកាណាដាវិលមកកម្ពុជាវិញភ្លាមៗក្រោយពីចេញទៅច្រៀងរាំនៅទីនោះមិនបានប៉ុន្មានថ្ងៃផង។ វិលវិញយ៉ាងតក់ក្រហល់ព្រោះតែតារាចម្រៀងរូបនេះនឹងរៀបចំពិធីភ្ជាប់ពាក្យជាមួយនារីរូបស្រស់ជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះហើយ។

ក្រោយពីភ្ជាប់ចំណងស្នេហ៍ និងបង្ហាញភាពផ្អែមល្ហែមមិនបានប៉ុន្មានផង លោក នៅ ស៊ីនឿន បានទម្លាយដំណឹងភ្ជាប់ពាក្យជាផ្លូវការហើយដែលកម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី២៧ខែធ្នូនេះនៅគេហដ្ឋានលោកផ្ទាល់នាក្រុងតាខ្មៅ។ លោកបញ្ជាក់ថា ជាចំណងស្នេហ៍កើតឡើងពីចិត្តនិងចិត្តដោយមិនមានការបង្ខំ ហើយចំណងស្នេហ៍នេះនឹងឈានដល់ការភ្ជាប់ពាក្យទទួលស្គាល់ដឹងលឺពីឪពុកម្តាយទាំងសងខាង។ លោកថាអនាគតគូដណ្តឹងលោកគឺឈ្មោះ Dominique ហៅក្រៅសារីជាកូនកាត់ខ្មែររស់នៅសហរដ្ឋអាមេរិក ដោយលោក និងនាងបានស្គាល់គ្នាជាង១ឆ្នាំហើយ ហើយអ្វីដែលធ្វើឲ្យលោក និងគូស្នេហ៍ស្រលាញ់គ្នាខ្លាំងគឺភាពរួសរាយរាក់ទាក់ និងចិត្តគំនិតច្រើនស្របគ្នាដែលលោកយល់ថានឹងអាចចាប់ដៃគូគ្នាកសាងក្រុមគ្រួសារបាននៅថ្ងៃអនាគត។តារារូបសង្ហារូបនេះលើកឡើងដែរថាគូស្នេហ៍លោកបានធ្វើដំណើរមកពីអាមេរិកមួយសប្តាហ៍មកហើយ ហើយក៏បានឆ្លៀតពេលរៀបចំពិធីខួបកំណើតលក្ខណៈគ្រួសារមួយសម្រាប់លោកផងដែរ។ លោកនៅមិនទាន់អាចបញ្ជាក់អំពីថ្ងៃចូលរោងការនៅឡើយទេព្រោះតែត្រូវពិភាក្សាគ្នាបន្តទៀត។

លោកថាក្រោយភ្ជាប់ពាក្យរួចអនាគតគូដណ្តឹងលោកនឹងវិលទៅអាមេរិកភ្លាមៗ ព្រោះតែមានការងារត្រូវបំពេញ ហើយលោកក៏នៅតែបន្តការងារសិល្បៈដដែលបើទោះបីជាភ្ជាប់ពាក្យ ឬរៀបការរួចហើយក៏ដោយ៕ វឌ្ឍនា


ចែករំលែក៖