ភ្នំពេញ៖ មនុស្សចំនួន៥នាក់បានរងរបួសស្រាល ខណៈជិះលើរ៉ឺម៉កកំពុងធ្វើដំណើរត្រូវបានជនជាតិចិនបើករថយន្តលឿនបុកពីក្រោយកាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខខ្លោងទ្វារវត្តគោគបញ្ជន់ ដែលស្ថិតនៅភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ ដែលជាស្ត្រីមានគ្នា៥នាក់ ដោយស្ត្រីជាម្ដាយ និងកូនវ័យចំណាស់២នាក់ និងក្មេងតូចៗចំនួន៣នាក់បើកបររ៉ឺម៉កក្នុងទិសដៅពីកើតទៅលិច ដែលជារម៉ក់ដឹកបន្លែផង ។ បន្ទាប់មក ស្រាប់តែឃើញរថយន្តបង្កម៉ាកកូរូឡាពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-4026 បើកបរដោយបុរសជនជាតិចិនពីរនាក់ បើកក្នុងទិសដៅពីកើតទៅលិចដោយដឹងថា ជាជនជាតិចិនមានគ្នា២នាក់ ហើយបានបុករ៉ឺម៉កកង់បីស្រ្តីម្តាយ និងកូនខាងលើពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសស្រាលស្រ្តីម្នាក់ និងអ្នកបើកម៉ូតូកង់បីម្នាក់ទៀត ។ ចំណែកឯរថយន្តបង្កជនជាតិចិនខាងលើមិនឈប់ដោះស្រាយបានបើករត់ជាច្រើនម៉ែត្រ តែត្រូវបានប្រជាពលរដ្ឋ និងនាក់រត់ម៉ូតូឌុបបាននាំគ្នាដេញស្ទាត់ឃាត់រថយន្តបានភ្លាមៗ ចំណែកឯតៃកុង និងនាក់រួមដំណើរ ដែលជាជនជាតិចិនខាងលើបានរត់គេចខ្លួនបាត់ ។
បន្ទាប់ភ្លាមៗនោះដែរ ស្រាប់តែមានជនចិន២នាក់ទៀតជិះរ៉ឺម៉កកង់បីមកជួយអន្តរាគមន៍ដើម្បីដោះស្រាយតែជនជាតិចិន ដែលមកដោះស្រាយ បែរជាមករករឿងជាមួយប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូឌុបវិញ ហើយត្រូវបានប្រជាពលរដ្ឋ និងនាក់រត់ម៉ូតូឌុបខាងលើវាយអោយសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុម្នាក់ ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈភ្លាមៗនោះដែរ ដោយមានតំណាងជនជាតិខ្មែរម្នាក់ ពាក់អាវពណ៌ទឹកក្រូច បានមកដោះស្រាយពេលភ្លាមៗឃើញជនជាតិចិនខាងលើរងរបួសធ្ងន់ធ្ងរពេក ហើយបំរុងប្តឹងទៅលើភាគីខាងរ៉ឺម៉កកង់បី តែដោយសារតែអ្នករ៉ឺម៉កកង់បី អ្នកបើកជាស្រ្តីហើយនាក់ប្រើអំពើហិង្សាវាយជនចិនជានាក់ផ្សេងមិនមែនភាគីខាងរ៉ឺម៉កកង់បីនោះឡើយ ។
ក្រោយពេលកើតហេតុជនជាតិចិនរងរបួសធ្ងន់ ខាងលើត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ហើយតំណាង ដែលពាក់អាវពណ៌ទឹកក្រូចខាងលើ បានសុំទោសទៅភាគីខាងរ៉ឺម៉កកង់បី និងជួយថ្លៃជួសជុលសងបញ្ចប់រឿងនៅកន្លែងកើតហេតុចំនួន៣០០ដុល្លារដោយមិនប្តឹងផ្តល់បន្តទៀត ៕ សុខាសែនជ័យ