ភ្នំពេញ៖ អាជីវកម្មផ្នែកគ្រឿងបន្លាស់យានយន្តស្លាកសញ្ញា Boschគ្រោងនឹងបន្ថែមការនាំចូលផ្គត់ផ្គង់ដល់ទីផ្សារកម្ពុជាដើម្បីបំពេញតម្រូវការកើនឡើង នៃការប្រើប្រាស់យានយន្តនៅកម្ពុជា ។ ការប្រកាសនេះធ្វើឡើងក្នុងកម្មវិធីជួបជុំតំណាងចែកចាយប្រចាំឆ្នាំ២០១៨ កាលពីរាត្រីថ្ងៃទី២១ ខែធ្នូ នេះ នៅសណ្ឋាគារសុខាភ្នំពេញ ។
Bosch នឹងសហការជាមួយដៃគូចែកចាយរបស់ខ្លួនគឺក្រុមហ៊ុន តាំងប្រាឌើរអូតូ ខូអិលធីឌី ដែលជាអ្នកចែកចាយគ្រឿងបន្លាស់ថរយន្តនៅទីផ្សារកម្ពុជា ។
លោក លីធៀន ហ៊ុយឃ្លីប ប្រធានផ្នែកលក់គ្រឿងបន្លាសរថយន្តBosch បានបញ្ជាក់ថា ទីផ្សាររថយន្តនៅកម្ពុជាមានភាពចម្រុះទាក់ទងនឹងម៉ូដែលរថយន្តដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ។ ដូចនេះក្រុមហ៊ុននឹងផ្តល់ជូនដល់អតិថិជននូវផលិតផលគ្រប់ម៉ូដែលរថយន្តដែលមានតម្លៃសមរម្យ និងប្រើប្រាស់ជាមួយរថយន្តភាគច្រើននៅកម្ពុជា ។ សម្រាប់ឆ្នាំថ្មីនេះ គ្រឿងបន្លាស់ដែលត្រូវបានណែនាំរួមមានផ្លិតទឹកប្រភេទជ័រ អាគុយរថយន្ត និងស៊ីផ្លេ ។ លោកថាគ្រឿងបន្លាស់រថយន្តBoschត្រូវបានគេទទួលស្គាល់ថាមានគុណភាពខ្ពស់ មានភាពធន់និងមានសុវត្ថិភាព ហើយពេលនេះម្ចាស់យានយន្តនៅកម្ពុជាទាំងអស់អាចប្រើប្រាស់ផលិតផលដែលមានគុណភាព ជាពិសេសម៉ាកដែលពួកគាត់ជឿទុកចិត្ត ។ លោក បញ្ជាក់ដែរថា ជំនួបជុំតំណាងចែកចាយប្រចាំឆ្នាំ២០១៨នេះត្រូវបានធ្វើឡើងដើម្បីថ្លែងអំណរគុណ និងចែករំលែកព័ត៌មានថ្មីៗចំពោះអ្នកចែកចាយទាំងអស់ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការជាមួយដៃគូBoschនៅកម្ពុជា ។
លោក តាំង សុខគា អគ្គនាយកក្រុមហ៊ុន តាំង ប្រាឌើរអូតូ បានបញ្ជាក់ក្នុងឱកាសនេះផងដែរថា តាមរយៈភាពជាដៃគូដ៏ល្អពីBosch ក្រុមហ៊ុនដែលជាតំណាងចែកចាយស្របច្បាប់ អាចនាំយកផលិតផលដែលមានគុណភាព និងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ ដើម្បីធានាថាម្ចាស់រថយន្តទាំងអស់នៅកម្ពុជា អាចរកទិញគ្រឿងបន្លាស់ដែលជួយឲ្យរថយន្តរបស់ពួកគាត់ដំណើរការបានល្អប្រសើរ និងប្រកបដោយសុវត្ថិភាព ។
គួរបញ្ជាក់ដែរថាBoschដែលជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មឈានមុខមួយនៅក្នុងពិភពលោក បានចាប់ផ្តើមប្រតិបត្តិការលក់នៅកម្ពុជាចាប់តាំងពីអំឡុងខែមករាឆ្នាំ២០១០ ។ ក្រៅពីប្រតិបត្តិការលក់ Boschក៏បានចូលរួមចំណែកអភិវឌ្ឍន៍វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញនៅក្នុងស្រុកផងដែរ៕ វឌ្ឍនា