ខេត្តសៀមរាប ៖ ស្ត្រីមានផ្ទៃពោះម្នាក់ត្រូវបានក្រុមចោរប្លន់ ប្លន់យកម៉ូតូបានសម្រេច។ ករណីប្លន់នេះ កើតឡើងនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ស្ត្រីរងគ្រោះមានឈ្មោះ សាន់ ស៊ុនធារី អាយុ២៨ឆ្នាំ មានទីលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ករណីប្លន់នេះកើតឡើងខណៈពេលដែលស្ត្រីមានផ្ទៃពោះ បានបើកម៉ូតូដោយខ្លួនឯងមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវបានចោរប្លន់តែម្តង។
ប្រភពពីស្ត្រីរងគ្រោះ បាននិយាយថា គាត់បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ជិះមកដល់កន្លែងកើតហេតុ ក៏មានម៉ូតូ១គ្រឿងជិះគ្នា២នាក់ ដោយជិះមកស្ទាក់ពីមុខហើយម្នាក់បានចុះច្រានគាត់ទំលាក់ពីម៉ូតូ ហើយក៏យកម៉ូតូរបស់គាត់ជិះចេញទៅបាត់ទៅ។
ស្ត្រីរងគ្រោះបាននិយាយថា រូបនាងមានផ្ទៃពោះចំនួន៤ខែ ហើយមិនអាចតតាំងជាមួយក្រុមចោរ បានឡើយ ដែលជាហេតុធ្វើឲ្យពួកគេយកម៉ូតូទៅបាត់ដោយសុវត្ថិភាព។ ស្រី្តរងគ្រោះបានឲ្យដឹងថា នៅក្នុងកែបម៉ូតូរបស់គាត់មានផ្ទុកទូរស័ព្ទដៃចំនួន២គ្រឿង គឺអាយហ្វូនមួយគ្រឿង ម៉ាកណូគាមួយគ្រឿង ប្រាក់ចំនួន១០០ដុល្លារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។
សូមបញ្ជាក់ដែរថា នៅយប់នោះក៏មានករណីកាច់សោរម៉ូតូមួយគ្រឿងផងដែរ ដែលកើតឡើងនៅ ចំណុចជិតសាលាស្វាយធំ ក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលម៉ូតូនោះជា កម្មសិទ្ធិរបស់ឈ្មោះ សំបូរ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕សតារា