ផ្នែកខ្លះនៃរដ្ឋាភិបាលអាមេរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី២៣ ខែធ្នូ បានប្រកាសបិទទ្វារ ដោយសារតែសំណើសុំចាយថវិការបស់លោកដូណាល់ ត្រាំ មិនត្រូវបានសមាជិកសភាគណបក្សប្រជាធិបតេយ្យបោះឆ្នោតគាំទ្រនោះឡើយ ។
លោកដូណាល់ ត្រាំ បានស្នើសមាជិកសភាទាំងអស់អនុម័យយល់ព្រមឲ្យរដ្ឋាភិបាលចំណាយប្រាក់៥ពាន់លានដុល្លារដើម្បីសាងសង់សញ្ជាំងព្រំដែនអាមេរិក មិចស៊ីកូ ទប់ស្កាត់ការហូរចូលជនភៀសខ្លួនខុសច្បាប់ ។ ប៉ុន្តែអស់រយៈពេលជាច្រើនម៉ោង ការអនុម័តពីសភាទៅលើសំណើរបស់លោកដូណាល់ ត្រាំនោះ លទ្ធផលស្មើ សូន្យ ធ្វើឲ្យរដ្ឋាភិបាលលោកដូណាល់ ត្រាំ បង្ខំចិត្តបិទទ្វារដោយផ្នែក ។
គណៈកម្មការសម្របសម្រួលព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យបានបញ្ជាក់ថា បុគ្គលិកសហព័ន្ធប្រមាណ៤២០.០០០ បន្តធ្វើការងារ ប៉ុន្តែគ្មានប្រាក់បៀវត្សរ៍បើកជូនឡើយ ក្នុងនោះមានបុគ្គលិកសន្តិសុខ៤១.០០០នាក់ផងដែរ។
បុគ្គលិកបម្រើការងាររដ្ឋាភិបាលជាង៣៨០.០០០នាក់ត្រូវបានសម្រាកពីការងារ រួមមានបុគ្គលិកអង្គការ ណាសា បុគ្គលិកស្ថាប័នអភិវឌ្ឍន៍លំនៅឋានទីក្រុង និងបុគ្គលិកស្ថាប័នពាណិជ្ជកម្មជាង៤១.០០០នាក់ទៀតផងដែរ ។ ក្នុងនោះផងដែរ បុគ្គលិកបម្រើការ នៅNational Park Service ប្រមាណ១៦០០០ ប្រហាក់ប្រហែល៨០ភាគនៃបុគ្គលិកបម្រើការងារទាំងអស់ត្រូវបានសម្រាកពីការងារ ។
ប៉ុន្តែទោះបីយ៉ាងណា បុគ្គលិក មន្ត្រីរាជការខាងរក្សាសន្តិសុខ កងម្លាំង គ្រូពេទ្យ ខាងអាកាសយានដ្ឋាន និងខាងប្រៃសនីយ មិនត្រូវបានបញ្ឈប់ពីការងារទេ ៕