ភ្នំពេញ៖ វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះឈ្នះ នឹងត្រូវសម្ភោធនៅថ្ងៃទី៣១ ខែធ្នូ ឈានចូលឆ្នាំ២០១៩ ជាថ្ងៃឆ្លងឆ្នាំសកល ជាមួយនឹងការអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ផងដែរ។
នេះជាគោលបំណងចំនួន៣ ដែលនាំឲ្យមានការកសាងវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះឈ្នះ នេះ ។
គោលបំណងទី១ ៖ គឺជាការរំឭកដឹងគុណនិងចង់បង្ហាញនូវ គុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ ថាតើអ្វីទៅជានយោបាយឈ្នះ ឈ្នះ? តើនយោបាយឈ្នះ ឈ្នះ មានការអនុវត្ដន៍និងដំណើរការបែបណា? នៅទីណា? អ្នកណាខ្លះ? មានបញ្ហាប្រឈម ពុះពារក្នុងការឆ្លងកាត់ នៅក្នុងដំណាក់កាលនៃការដាក់ចេញសម្រាប់ការអនុវត្តនយោបាយឈ្នះ ឈ្នះតាមរបៀបណា? តើការបានដាក់ចេញនូវគោលគំនិតនយោបាយឈ្នះ ឈ្នះ ដោយសម្ដេចតេជោ ហ៊ុន សែន បានដោះស្រាយ ពុះពារ ដឹកនាំក្នុងដំណាក់កាលនីមួយៗបែបណា? ពីព្រោះនេះមិនមែនជាសុបិន្ដ ស្រមៃ និងកាន់តែមិនមែនជាការជួយជ្រោមជ្រែងឬឧបត្ថម្ភណាមួយពីបរទេស ក្រៅពីជាតិខ្មែរខ្លួនឯងគឺខុសអំពីក្នុងអំឡុងកាលដែលមានបេសកកម្មអ៊ុនតាក់កន្លងមកនៅក្នុងកម្ពុជារបស់យើង ។
គោលបំណងទី២ ៖ ក្រៅពីការសម្ដែងនូវភាព កតញ្ញូ ការដឹងរំឭកគុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ និងអ្នកដឹកនាំដែលបានបង្កើត គឺជាការរៀបចំទីតាំងដែលបង្ហាញនូវសមិទ្ធផលទទួលដោយសន្ដិភាពនិងការអភិវឌ្ឍន៍ក្នុងមាតុភូមិកម្ពុជារបស់យើង ជាពិសេសបំផុតក្នុងរយៈពេលតែ២០ឆ្នាំក្រោយនយោបាយឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាមទាំងស្រុងនិងបានទទួលសន្ដិភាព ។ន័យនេះចង់បញ្ជាក់ថា សមិទ្ធផលនិងការអភិវឌ្ឍទាំងអស់បានមកពីណា? ចេញមកពីនរណាឲ្យពិតប្រាកដ? លទ្ធផលដែលកំពុងមានជាក់ស្ដែងនេះ គឺជាតឹកតាង មិនអាចនរណាម្នាក់មិនទទួលស្គាល់ឬបំភ្លៃជាដាច់ខាតនូវសច្ចភាពនៃការវិវឌ្ឍបែបនេះ ដូច្នេះក៏មានន័យអំពីភាពសុខដុមរមណីយកម្មរបស់សង្គមកម្ពុជាក្នុងដំណាក់កាលនេះនិងជាដំណាក់កាលដែលយើងឲ្យឈ្មោះថា សម័យកាលតេជោសែនក៏ថាបាន ហើយភស្ដុតាងទាំងអស់នេះតើមានពិតឬទេ? វិស័យនានាដែលមាន តើពិតប្រាកដឬទេ? ទាំងវិស័យសេដ្ឋកិច្ច សង្គម កិច្ចការបរទេស ការពារជាតិ អប់រំ វប្បធម៌ កសិកម្ម សំណង់ កីឡា…ន័យចំណុចទី២នេះគឺសំដៅទៅលើការបង្ហាញនូវសុខដុមភាពនៃសង្គមកម្ពុជាដោយលទ្ធផលនៃនយោបាយឈ្នះ ឈ្នះ។
គោលបំណងទី៣ ៖ គោលបំណងដ៏សំខាន់គឺជាការចែករំលែក ការផ្ដល់នូវការសិក្សាជាទីកន្លែងមួយដែលអាចធ្វើជាមជ្ឈមណ្ឌលស្រាវជ្រាវឈ្វេងយល់និងខិតខំបង្កើតនូវចក្ខុវិស័យក្នុងការបន្ដស្ថានភាពដែលមានបែបនេះតទៅអនាគត។ ដូច្នេះដើម្បីចែករំលែក ធ្វើជាមូលដ្ឋានឲ្យការងាយយល់ ងាយចាំ ងាយឃើញ ងាយធ្វើការវិភាគនិងក្នុងការចែករំលែកបន្ដគឺជាការរៀបចំ ស្ថាបនាកសាងរូបចម្លាក់ និមិត្តសញ្ញា ស្ថាបត្យកម្ម ទម្រង់រូបរាងនិងទីកន្លែងទាំងអស់នេះឲ្យមានភាពសាមញ្ញ និងមានភាពទាក់ទាញនិងឲ្យមានស្ថានភាពដែលកន្ទ្រាក់អារម្មណ៍ គំនិត ជាពិសេសនៅក្នុងសម័យឌីជីថលឬសម័យដែលត្រូវការពេលវេលាខ្លីសម្រាប់បង្កើនប្រសិទ្ធិភាពការងារនេះ ។ ដូចនេះការរៀបចំភូមិសាស្ដ្រនៅទីនេះ ទោះបីមានទំហំតូចល្មម ប៉ុន្ដែមានទីកន្លែងសម្រាប់បង្ហាញអំពីសុខដុមសង្គម ទីកន្លែងដែលមានអាគារនិងតម្កល់ នូវតឹកតាងពិតប្រាកដ ជាសក្ខីកម្មនៃអ្វីដែលធ្លាប់ប្រើប្រាស់ ធ្លាប់មាន ទាំងរូបភាពនិងគំនូរ រូបថត សម្ភារៈរហូត ដល់គ្រឿងយោធបករណ៍នានានិងមានទីកន្លែងគួបផ្សំទៅដោយធម្មជាតិដែលជាអត្តសញ្ញាណទាំងដើមឈើ ដើមផ្កានិងការបំបែកឯកត្ដកម្មកម្ពុជាក្នុងពិភពលោក ដូចជា ក្រម៉ាវែងជាងគេ ទូកវែងជាងគេ ការរាំម៉ាឌីស្សុន ច្រើនជាងគេ នំអន្សមដែលធំជាងគេ ។ល។ នេះគឺជាគោលបំណងសាមញ្ញនៃការកសាងវិមានឈ្នះ ឈ្នះ ប៉ុន្ដែចេញពីភាពសាមញ្ញទាំងបីនេះ ពិតណាស់អាចផ្ដល់ឲ្យមនុស្សគ្រប់មជ្ឈដ្ឋានទាំងអ្នកចេះដឹងជ្រៅជ្រះ អ្នកប្រវត្តិសាស្ដ្រ ប្រជាជនសាមញ្ញ ពាណិជ្ជករ ទេសចរ ក្នុងនិងក្រៅប្រទេសនិងជាតិសាសន៍ដទៃផងដែរ ។
យើងមានទីកន្លែងមួយដែលក្លាយជាអត្ដសញ្ញាណនៃប្រវត្តិសាស្ដ្រស្ដីអំពីការបញ្ចប់សង្គ្រាមទទួលបានសន្ដិភាព សម្រេចបាននូវសមិទ្ធផលអភិវឌ្ឍន៍សង្គម និងអាចនិយាយថា មិនធ្លាប់មាននៅទីកន្លែងបែបនេះ ។
យើងមានអាគារធំៗទំនើប យើងមានគ្រឹះស្ថាននានានិងទីកន្លែងដែលបំពាក់ទៅដោយភាពស្រស់បំព្រងឆើតឆាយ ប៉ុន្ដែនៅទីនេះពិតជាទីឋានមួយដែលមានលក្ខណៈខុសពីកន្លែងទាំងអស់នេះ ហើយជាទីបំពេញនៃចន្លោះប្រហោងមួយនៃប្រវត្តិសាស្ដ្រដើម្បីឲ្យកាន់តែជាក់ស្ដែងឡើង និងមានភស្ដុតាងពិតប្រាកដសម្រាប់មនុស្សជាតិទាំង ក្នុងនិងក្រៅប្រទេសតទៅអនាគតផងដែរ ។
ច្បាស់ណាស់ថា មហិច្ចតាដ៏ធំចេញពីភាពសាមញ្ញនេះពិតជាមិន ទាន់គ្រប់គ្រាន់ ដូច្នេះព្រឹត្ដិការណ៍ថ្ងៃទី២៩ ដែលជាទិវាខួប២០ឆ្នាំនៃទិវានយោបាយ ឈ្នះ ឈ្នះ និងការសម្ពោធវិមានឈ្នះ ឈ្នះ ក្នុងដំណាក់កាលមួយនេះ គឺនឹងបើកសគរាជថ្មី ទំព័រប្រវត្តិសាស្ដ្រ ថ្មីសម្រាប់ជាតិយើង សម្រាប់មនុស្សគ្រប់គ្នាគ្រប់ទីកន្លែងទទួលបន្ថែមទៀតជាមួយសមិទ្ធផលដ៏ច្រើនដែលយើងបានទទួលរួចមកហើយ។
សូមចូលរួមចំណែកដើម្បីកសាងបន្ដទៀតនិងអធិដ្ឋានរួមគ្នាឲ្យសន្ដិភាពនៅលើទឹកដីរបស់យើងបានឋិតឋេរចីរកាលជាមួយអត្ដសញ្ញាណនិងព្រលឹងនយោបាយឈ្នះ ឈ្នះ ដែលមាននេះ៕
ប្រភពព័ត៌មាន ៖ ផេកទស្សនាវដ្តីប្រជាជន