ភ្នំពេញ៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជា Cambodia Broadcasting Service (CBS) រួមមានទូរទស្សន៍ CTN , MYTV , CNC ចេញលិខិតបំភ្លឺមួយច្បាប់ និង សូមបដិសេធចំពោះការផ្សាយបំភ្លៃមួលបង្កាច់របស់ Facebook page ឈ្មោះ CBN Khmer ដែលបានផ្សព្វផ្សាយកាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ថា ៖ “ដំណឹងបន្ទាន់ ហ៊ុន សែន ខឹងខ្លាំងណាស់ ចាប់ខ្លួន ឧកញ៉ាគិត ម៉េង មិញៗនេះផ្អេីល”។
ក្រុមហ៊ុនCBS បានបំភ្លឺយ៉ាងដូច្នេះថា ៖ សូមចាត់ទុកថា ទង្វើរបស់ក្រុមជនងងឹតនៃ Facebook Page ឈ្មោះ CBN Khmer ដែលបម្រើឲ្យនយោបាយទុច្ចរិត គឺជាការផ្សាយដោយអសីលធម៌និងទុច្ចរិត បំភ្លៃហេតុការណ៍ បម្រើឲ្យគោលដៅបង្ខូច និងប្រមាថដល់សេចក្តីថ្លៃថ្នូររបស់បុគ្គល ថ្នាក់ដឹកនាំជាតិ អ្នកឧកញ៉ា គិត ម៉េង និងជាពិសេស គឺជាចេតនាទុច្ចរិតជាបន្តបន្ទាប់ ក្នុងបំណងបំពុលនិងបំភ័ន្តប្រជាជនកម្ពុជាប៉ុណ្ណោះ។
ទង្វើរបស់ក្រុម CBN Khmer គឺអាក្រក់ណាស់ ហើយសូមសាធារណៈជនគប្បីកុំចាញ់កលការផ្សាយរបស់ក្រុមនេះទាំងបច្ចុប្បន្ននិងតទៅអនាគត។
ក្រុមហ៊ុន CBS បានអះអាង ខ្លួនគ្មានភាពចាំបាច់នឹងស្នើសុំឲ្យបណ្តាញផ្សព្វផ្សាយទុច្ចរិត CBN Khmer រួមទាំង The Cambodia Daily ធ្វើការកែតម្រូវនោះទេ ក៏ប៉ុន្តែក្រុមហ៊ុនសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា ខណៈនេះ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន CBS របស់យើងខ្លួនកំពុងចូលរួមក្នុងកម្មវិធីរីករាយ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅឯខេត្តសៀមរាប ទឹកដីបវរអច្ឆរិយៈនៃកម្ពុជា។
ជាមួយនឹងការបំភ្លឺនិងបដិសេធនេះដែរ ក្រុមហ៊ុន CBS បានយកឱកាសនេះ សូមគោរពថ្លែងអំណរគុណដ៏ស្ម័គ្រស្មោះចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គាំពារក្រុមហ៊ុន CBS ក៏ដូចវិស័យឯកជន ដែលកាយវិការនេះមានតម្លៃធំធេងណាស់ ក្នុងការពង្រឹងពង្រីកទាំងជំនឿចិត្ត វឌ្ឍនភាព និងភាពជាដៃគូរវាងវិស័យឯកជន និងរដ្ឋ ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពសង្គម ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្សព្វផ្សាយកិត្យានុភាពជាតិកម្ពុជាទៅកាន់ឆាកអន្តរជាតិឲ្យកាន់តែខ្ពស់ត្រដែត ៕ ចេស្តា