ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ ត្រូវបានត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តស្វាយរៀង ឃាត់ខ្លួន កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ពាក់ពន្ធ័នឹងករណីឃាតកម្មសម្លាប់ស្ត្រីវ័យចំណាស់ម្នាក់ ព្រោះតែខឹងរឿងជេរដៀលត្មេះរូបខ្លួន ។
លោកកុយ សុភាព ស្នងការរងនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា កាលពីវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំយ៉ោង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅភូមិឫស្សីលៀប ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ មានមនុស្សស្លាប់ម្នាក់ឈ្មោះ ចាប ប៉ាក ស្រី អាយុ ៦៣ឆ្នាំ មុខរបរនៅផ្ទះ កម្លាំងការិយាល័យជំនាញខេត្តសហការជាមួយកម្លាំងជំនាញស្រុក និងលោកគ្រូពេទ្យបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសាកសព ឃើញថា មានស្លាកស្នាមអារ កនឹងកាំបិត ព្រមទាំងរកឃើញសម្ភារៈរបស់ជនរងគ្រោះមួយចំនួន គឺលុយចំនួន ២៣៤,០០០ រៀល, លុយដុល្លារ៦៥$, លុយដុង ១លាន៤សែនដុង និងទូរស័ព្ទ០១គ្រឿង។
លោកបន្តថា ជាលទ្ធផលនៃការស្រាវជ្រាវរហូតមកដល់ម៉ោង៤និង៣០នាទីរសៀល ក្នុងថ្ងៃដដែល សមត្ថកិច្ចបាននាំខ្លួនឈ្មោះ ទួច នួច ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិឫស្សីលៀប ឃុំសំយ៉ោង ដែលជាមុខសញ្ញាមានការសង្ស័យយកមកសាកសួរ នៅនៅកានៅការិយាល័យជំនាញខេត្តជាច្រើនម៉ោង ទើបជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដោយយកកាំបិតអារកសម្លាប់ជនរងគ្រោះប្រាកដមែន តែខ្លួនពុំបានយកសម្ភារ ឬទ្រព្យសម្បត្តិអ្វីទេ ព្រោះយប់ងងឹតពេក រីឯកាំបិតដែលធ្វើសកម្មភាពនោះ ខ្លួនយកទៅបោះចោលនៅក្នុងទឹកស្រះ ក្រោយផ្ទះរបស់ខ្លួន ។
មូលហេតុដែលនាំឲ្យរូបខ្លួនសម្លាប់ស្ត្រីខាងលើ ដោយសារខឹងស្ត្រីរងគ្រោះជេរដៀលខ្លួនខ្លាំងពេក ទើបទ្រាំមិនបាន ក៏ធ្វើសកម្មភាពបែបនេះតែម្ដង។
បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន