ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់បន្ទាប់ពីបន្លំខ្លួនធ្វើប្តីប្អូន ថ្លៃស្រីនិងប៉ុនប៉ងចាប់រំលោភសេពសន្ថវៈលើនាងតែមិនបានសម្រេច ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ១៣ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០១៨ស្ថិតនៅភូមិឡសែនជ័យ ឃុំបេង ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ។
មន្ត្រីនគរបាលស្រុកបន្ទាយអម្ពឹលបានឲ្យដឹងថា ជនជាប់ចោទពីបទប៉ុនប៉ងរំលោភទៅលើប្អូនថ្លៃស្រីនោះឈ្មោះ ឡោម លឿយ ភេទប្រុស អាយុ៣៣ឆ្នាំ មានប្រពន្ធ និងមានកូនម្នាក់ មុខរបរកសិករ រស់នៅក្នុងភូមិឡសែនជ័យ ឃុំបេង ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ ដោយឡែកស្ត្រីដែលរងគ្រោះអាយុ៣០ឆ្នាំ ត្រូវជាប្អូនថ្លៃ ក៏មានកូនប្រុសម្នាក់ មុខរបរជាកសិករ និងរស់នៅភូមិ ឃុំ កើតហេតុខាងលើដែរ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងប្តី បានត្រឡប់ពីច្រូតស្រូវវិញ ហើយបានទិញស្រា.សមួយលីត្រយកមកផឹកស៊ីនៅនឹងផ្ទះរបស់ខ្លួន។ ខណៈនោះក៏មានបងប្អូនបង្កើត រួមទាំងប្តីមានគ្នា៤នាក់មកចូលរួមផឹកស៊ីជាមួយដែរ។ ក្រោយពីផឹកស៊ីចប់ហើយក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន ចំណែកជនសង្ស័យដែលត្រូវជាបងថ្លៃនោះបានបបួលប្តីជនរងគ្រោះទៅរាំលេងចាក់ធុងបាស់នៅកន្លែងអាពាហ៍ពិពាហ៍កូនប្រុសស្រីក្នុងភូមិនៅម៉ោង៧យប់ថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៨ ។
ចំណែកស្ត្រីរងគ្រោះបានប្រាប់ថា លុះនៅម៉ោងប្រមាណ២យប់ឈានចូលថ្ងៃទី២០ ធ្នូ ឆ្នាំ២០១៨ ខណៈដែលនាងនៅដេកផ្ទះតែឯងស្រាប់តែបងថ្លៃដើរចូលទៅក្នុងផ្ទះបន្លំធ្វើជាប្តីរបស់ខ្លួន ហើយស្រវាអោបនាង តែនាងបានដឹងខ្លួនទាន់ ក៏ទាញពិលឆ្លុះបញ្ចាំងមើល ស្រាប់តែឃើញមុខបងថ្លៃសោះ ហើយខណៈនោះនាងក៏បានរត់ទៅប្តឹងលោកមេភូមិទាំងយប់ឲ្យទូរស័ព្ទហៅនគរបាលមកចាប់បងថ្លៃកំហូចយកទៅចាត់ការតាមផ្លូវច្បាប់ផងដែរ។
ក្រោយពីទទួលនូវព័ត៌មានពីលោកមេភូមិរួចមក កម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅដល់លំនៅឋានជនជាប់ចោទរួចបាន ឃាត់ខ្លួននាំយកមកអធិការដ្ឋានធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានប៉ុនប៉ងរំលោភទៅលើប្អូនថ្លៃស្រីពិតប្រាកដមែន និងយោងទៅលើពាក្យបណ្តឹងពីស្ត្រីរងគ្រោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគបាលខេត្តឧត្តរមានជ័យ ដើម្បីចាក់ការបន្តតាមនីតិវិធី ៕ សហការី