ភ្នំពេញ៖ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ៖ ណាហ្គាវើលដ៍ នឹងធ្វើការដកចេញនូវការប្រើប្រាស់បំពង់បឺតប្លាស្ទិកពីប្រតិបត្តិការរបស់ខ្លួនចាប់ពីថ្ងៃទី ១ ខែមករា នៅឆ្នាំក្រោយដែលនេះជាផ្នែកមួយគម្រោងគាំពារបរិស្ថានរបស់ក្រុមការងារសង្គមរបស់ក្រុមហ៊ុន។យុទ្ធនាការ “បញ្ឈប់ការប្រើប្រាស់បំពង់បឺតប្លាស្ទិក” នឹងត្រូវអនុវត្តទូទាំងណាហ្គាវើលដ៍ និងណាហ្គាទី ២ បន្ទាប់ពីការស្ទង់មតិបុគ្គលិកប្រមាណ ១០,០០០ នាក់ និងគម្រោងសាកល្បងជោគជ័យដែលផ្តួចផ្តើមដោយក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅកាត់ថា “ណាហ្គាវើលដ៍បេះដូងសប្បុរស” ចាប់តាំងពីខែមិថុនា ក្នុងឆ្នាំនេះ ។
យុទ្ធនាការ “បញ្ឈប់ការប្រើប្រាស់បំពង់បឺតប្លាស្ទិក” មានគោលបំណងលុបបំបាត់ការប្រើប្រាស់បំពង់បឺតប្លាស្ទិកប្រមាណ ៤ លានដើមក្នុងមួយឆ្នាំ ខណៈបំពង់បឺតដែលមិនប៉ះពាល់ដល់បរិស្ថាន នឹងត្រូវផ្តល់ជូននៅពេលអតិថិជនស្នើសុំ។
បុគ្គលិកណាហ្គាវើលដ៍ បានឈប់ប្រើប្រាស់បំពង់បឺតប្លាស្ទិករួចហើយនៅតាមអាហារដ្ឋាន ខណៈក្រុមហ៊ុនបានលើកទឹកចិត្តឲ្យបុគ្គលិកទាំងអស់ជួយផ្សព្វផ្សាយសារបរិស្ថានដ៏ល្អនេះដល់ក្រុមគ្រួសារ និងមិត្តភ័ក្តិផងដែរ។
នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយ និងមោទនភាពដែលបានក្លាយជាផ្នែកមួយនៃចលនាប្រយុទ្ធប្រឆាំងនឹងបំពង់បឺតប្លាស្ទិករបស់ពិភពលោក។ យើងជឿជាក់ថា ការនិយាយថា “ទេ” ចំពោះបំពង់បឺតប្លាស្ទិក គឺជារឿងសាមញ្ញបំផុតដែលអ្នកទាំងអស់គ្នារួមទាំងអតិថិជនរបស់យើងអាចចូលរួមកាត់បន្ថយការបំពុលដោយប្លាស្ទិក។ វាជាជំហានតូចប៉ុន្តែមានឥទ្ធិពលដើម្បីឆ្ពោះទៅរកការការពារបរិស្ថានរបស់យើង” ។
យោងទៅតាមកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ ប្លាស្ទិកប្រមាណ ៨ លានតោន ត្រូវបានចាក់ចោលទៅក្នុងមហាសមុទ្ររបស់យើងជារៀងរាល់ឆ្នាំ។ បំពង់បឺតប្លាស្ទិក គឺជារបស់សាមញ្ញបំផុតដែលត្រូវបានគេបោះចោល និងអណ្តែតនៅលើផ្ទៃសមុទ្រដែលបង្កគ្រោះថ្នាក់ដល់ជីវិតនៅក្នុងសមុទ្រ មច្ឆជាតិ និងទេសចរណ៍ និងបង្កការខូចខាតយ៉ាងហោចណាស់ ៨ ពាន់លានដុល្លារលើប្រព័ន្ធអេកូឡូស៊ី។ ដោយឡែក វីដេអូឯកសារស្តីអំពីការយកចេញបំពង់បឺតប្លាស្ទិកពីរន្ធ
ច្រមុះរបស់កន្ធាយសមុទ្រ បានទាក់ទាញការចាប់អារម្មណ៍ពីប្រជាជនរាប់លាននាក់ទូទាំងពិភពលោក។
ការប្តេជ្ញា និងគម្រោងគាំពារបរិស្ថានរបស់ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស គឺសមស្របទៅនឹងគោលបំណងអភិវឌ្ឍប្រកបដោយនិរន្តរភាព គម្រោងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងគម្រោងកាត់បន្ថយផលប៉ះពាល់បរិស្ថានក៏ដូចជាគម្រោងគ្រប់គ្រងកាកសំណល់ ៣R (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ) របស់អង្គការសហប្រជាជាតិ។ ត្រូវបានទទួលស្គាល់ថាជាសណ្ឋាគារបៃតងឆ្នើមប្រចាំតំបន់អាស៊ាននៅឯវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០១៦ ដែលបានអនុវត្តវិធីសាស្ត្រការពារបរិស្ថានប្រកបដោយនិរន្តរភាព ណាហ្គាវើលដ៍ នឹងបន្តសិក្សា និងស្វែងយល់អំពីគំនិត និងគម្រោងថែរក្សាបរិស្ថានថ្មីៗបន្ថែមទៀតដើម្បីប្រតិបត្តិការធុរកិច្ចប្រចាំថ្ងៃរបស់ខ្លួនដើម្បីការលូតលាស់ប្រកបដោយនិរន្តរភាព ៕ ស តារា