កាលពីល្ងាចថ្ងៃអាទិត្យ ប៉ូលិសស៊ូដង់បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងបាតុករដ៏ច្រើនរយនាក់នាំគ្នាដង្ហែក្បួងពីទីលានពហុកីឡដ្ឋានទៅកាន់មហាវិថីនានា ហើយតម្រង់ទិសទៅកាន់វិមានប្រធានាធិបតី ក្នុងទីក្រុង Khartoum ដើម្បូប្រឆាំងការគ្រប់គ្រងរបស់ប្រធានាធិបតី Omar al-Bashir ។
ក្រោមសម្រែកទ្រហឹងអឺកកង «សេរីភាព សេរីភាព» ក្រុមបាតុករទាំងនោះត្រូវហ៊ុំព័ទ្ធដោយកម្លាំងប៉ូលិសរាប់រយនាក់ ទប់ស្កាត់មិនឲ្យហិង្សាណាមួយផ្ទុះឡើងឡើយ ។ នេះជាបាតុកម្មរយៈពេល៥ថ្ងៃមកហើយ នៅទីក្រុងដ៏សំខាន់របស់ស៊ូដង់មួយនេះ ។
ក្រុមបាតុករស្រាប់តែផ្ទុះការតវ៉ាប្រឆាំងការដឹកនាំរបស់គណបក្សប្រធានាធិបតី Bashir ដែលទើបតែកាន់អំណាចបានរយៈពេល២៩ឆ្នាំមកនោះ ។
ដោយសារបាតុករមានចំនួនច្រើនៗ ហើយចេះតែសម្រុក រុលទៅមុខមិនឈប់ឈរ មិនស្តាប់តាមការណែនាំរបស់ប៉ូលិសនោះ ឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានប្រើប្រាស់ដើម្បីបំបែកក្រុមបាតុករទាំងនោះ ហើយបើតាមសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក ថា មនុស្ស១២នាក់បានស្លាប់ ។
កាលពីថ្ងៃអាទិត្យនោះ ប៉ូលិសបានប្រើរថយន្តត្រាក់ ៣០គ្រឿង បិទផ្លូវសំខាន់ៗ គ្នុងទីក្រុង បន្ទាប់ពីចប់ការប្រកួតបាល់ទាត់ភ្លាមៗ ដោយខ្លាចថា នាំឲ្យមានហិង្សាណាមួយផ្ទុះឡើង លាយឡំចូលក្នុងបាតុកម្មដែលកំពុងអូសបន្លាយពេលនេះ ។
សូមបញ្ជាក់ថា ប្រធានាធិបតី Bashir ជាមេដឹកនាំមួយរូបដែលក្រាញ់អំណាចយូរជាងគេក្នុងចំណោមមេដឹកនាំតំបន់ប្រទេសអាហ្វ្រិក និងពិភពអារ៉ាប់ ។ គាត់បានចូលកាន់តំណែងក្លាយជាមេដឹកនាំអិស្លាម បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ១៩៨៩ ។
ក្នុងខែនេះ សភារបស់ស៊ូដង់បានគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលកំណត់រហូតដល់ឆ្នាំ២០២០ តម្រូវឲ្យលោក Bashir ចុះចេញពីអំណាច ៕