ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋរស់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អះអាងថា សកម្មភាពឈូសឆាយដីព្រៃលិចទឹកនៅតំបន់ព្រះស្នែង ដែលកំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងសព្វថ្ងៃនេះមានការឃុបឃិតក្នុងផលប្រយោជន៍ណាមួយពីពួកមន្ត្រីជលផល ។ មន្ត្រីជលផលដែលមានអំណាចជាងគេនៅក្នុងស្រុកកំពង់ស្វាយ គឺលោកសៅ វណ្ណសិរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ ។
ប្រជាពលរដ្ឋបានឈរនិយាយនៅតំបន់ដែលមានគ្រឿងចក្រឈូសឆាយព្រៃលិចទឹកក្នុងឃុំកំពង់គោនោះថា សកម្មភាពឈូសឆាយ និងកាប់ទន្ទ្រានដីព្រៃលិចទឹកនៅតំបន់៣ មានសភាពស្ងប់ស្ងាត់មួយរយៈកន្លងមក ប៉ុន្តែឥឡូវនេះបានចាប់ផ្តើមកម្រើកឡើងវិញយ៉ាងខ្លាំង ។ ប្រភពរាយការណ៍ថា នៅភូមិខ្សាច់ជីលា មានគ្រឿងចក្រ៣គ្រឿងដែលកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹក ដែលជាតំបន់ហាមឃាត់ ។
ក្រុមអ្នកសារព័ត៌មានក្រោយពីទទួលបានដំណឹងស្តីអំពីសកម្មភាពឈូសឆាយដីព្រៃលិចទឹកនោះ ក៏បានចុះទៅពិនិត្យតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ ប៉ុន្តែមិនឃើញត្រាក់ទ័រនោះទេ ។ អ្នកភូមិប្រាប់ថា គ្រឿងចក្រទាំងនោះបានបើកចេញពីតំបន់ឈូសឆាយយកមកលាក់ទុកនៅផ្ទះឈ្មោះ ប៊ុននី ហៅប៊ី មុនពេលអ្នកកាសែតទៅដល់ ។
ប្រជាពលរដ្ឋបានឲ្យដឹងថា នៅតំបន់នោះប្រជាពលរដ្ឋបានកាប់ឆ្ការព្រៃដោយប្រើកាំបិត និងពូថៅ ប៉ុន្តែត្រូវបានក្រុមសហគមន៍ការពារព្រៃលិចទឹកតំបន់ព្រះស្នែង ដែលមានលោក ហ៊ុល ហ៊ាញ ជាប្រធាន ទៅចាប់ហើយទារប្រាក់៤ម៉ឺនទៅ៥ម៉ឺនរៀលទើបដោះលែងវិញ ។ ប៉ុន្តែសម្រាប់អ្នកធ្វើសកម្មភាពឈូសឆាយដោយប្រើគ្រឿងចក្រគ្មាននរណាហ៊ានក្អកនោះទេ ។
ប្រជាពលរដ្ឋបានប្រាប់ទៀតថា ម្ចាស់គ្រឿងចក្រដែលចូលឈូសឆាយដីព្រៃលិចទឹកឈ្មោះ គុក គឿន មានទីលំនៅភូមីអូរទូច ឃុកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ចំណែកឈ្មោះ ប៊ុននី ជាមេការ នាំគ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកនៅចំណុចព្រះស្នែង មានទីលំនៅភូមិខ្សាច់ជីលា ឃុំកំពង់គោ ។
លោកអ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយមិនលើកទូរស័ព្ទនោះទេ ។
លោកប៉ែន វណ្ណរិទ្ធ ក៏មិនលើកទូរស័ព្ទនោះដែរ ។
ប៉ុន្តែកាលពីព្រឹកថ្ងៃទី២៣ ខែធ្នុ ឆ្នាំ២០១៨ ប្រជាពលរដ្ឋរាយការណ៍ថា បានឃើញកម្លាំងជលផល និងកម្លាំងកងរាជអាវុធហត្ថចុះទៅដល់កន្លែងដីព្រៃលិចទឹក ដែលមានគ្រឿងចក្រកំពុងឈូសឆាយនោះ ។ គ្រាដែលកម្លាំងសមត្ថកិច្ចទៅដល់ គ្រឿងចក្រទាំងនោះត្រូវបានដកថយអស់ទៅហើយ ។
បើតាមប្រភពពីសមត្ថកិច្ចអះអាងថា ក្រុមមន្ត្រីគ្រាប់ល្ពៅដែលទទួលបានផលប្រយោជន៍ធំ ក្នុងរឿងនេះមានឈ្មោះ សៅ វណ្ណសិរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ ។ ពីព្រោះថា ចំណុចដែលមានការកាប់បំផ្លាញព្រៃឈើ និងកំពុងប្រើគ្រឿងចក្រនេះ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់លោកសៅ វណ្ណសិរីវុធ ។ លោកសៅ វណ្ណសិរីវុធ មិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេ៕ ប៊ុនរិទ្ធី