ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មខេត្ត​ពោធិ៍សាត់​ផ្តល់សិទ្ធិអំណាចខ្លាំង​សម្រាប់លោកស្វាយសំអាត

ចែករំលែក៖

ក្រៅតែពីអាច​ពន្យារ​អាយុ​បានសម្រេចដោយជោគជ័យ លោកស្វាយ សំអាត ក្នុងនាម​ប្រធានផ្នែករដ្ឋបាល​ជលផល​ក្រគរ និងកណ្តៀងស្តីទី​ត្រូវបានគេអះអាងថា ជាអ្នកដែលមានឥទ្ធិពល និងទទួលបានយកការយកចិត្តទុកដាក់​ខ្លាំង ពីប្រធានមន្ទីរកសិកម្មខេត្ត និងថ្នាក់ដឹកនាំខេត្ត ។ បានជាគេថាយ៉ាងដូច្នេះ ពីព្រោះលោក បានឃុបឃិត​ជាមួយ​អ្នកនេសាទល្មើសច្បាប់​ប្រើឧបករណ៍នេសាទល្មើសច្បាប់ដោយសេរី ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយ​ក្រុមមន្ត្រី​ដែលចុះទៅត្រួតពិនិត្យបទល្មើសនេសាទកាលពីប៉ុន្មានថ្ងៃមុននោះ រកមិនឃើញ បទល្មើសនោះទេ ។

លោកស្វាយ​ សំអាត ត្រូវបានក្រុមមន្ត្រីនៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់អះអាងថា ជាអ្នក​ដែលមានឥទ្ធិពល​និងអំណាចខ្លាំង ។ យ៉ាងហោចណាស់​លោកបានពន្យារអាយុ​២ដងរួចមកហើយ ប្រកបដោយជោគជ័យ ។ ជាងនេះទៅទៀត នៅក្នុងការងាររបស់ខ្លួន​លោកបានប្រព្រឹត្តល្មើសជាច្រើន​ ប៉ុន្តែ​ថ្នាក់ដឹកនាំ​មន្ទីរកសិកម្ម ក៏ដូចជាអាជ្ញាធរខេត្ត នៅតែធ្វើមិនដឹងមិនឮ​ចំពោះបទល្មើសទាំងនោះ ។ ថ្មីៗនេះ អាជ្ញាធរខេត្ត​បានដាក់កម្លាំង​ចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅតំបន់បឹងទន្លេសាប ។ នៅក្នុងដែនសមត្ថកិច្ចលោកស្វាយ សំអាត សមត្ថកិច្ច​រកមិនឃើញបទល្មើសនេសាទនោះទេ ។ ប្រភពនិយាយថា ក្រុមសមត្ថកិច្ចទាំងនោះ គ្រាន់តែចុះទៅកម្សាន្ត​នៅតំបន់​បឹងទន្លេសាបតែប៉ុណ្ណោះ ។ ក្រៅតែពីធ្វើមិនដឹងមិនឮ លោកស្វាយ​ សំអាត ក៏បាន​ប្រាប់ពួកអ្នកនេសាទល្មើស​ច្បាប់​ឲ្យពន្លិចឧបករណ៍នេសាទចូលបាតបឹង ។

ប្រការទាំងនេះ ថ្នាក់ដឹកនាំក្រសួងកសិកម្ម ជាពិសេស​អគ្គនាយកដ្ឋានរដ្ឋបាលជលផល គួរពិនិត្យ​ករណី​លោកស្វាយ សំអាត តាមខ្សែបណ្តោយរបស់ខ្លួនឡើងវិញ ពីព្រោះបើរំពឹងទៅលើថ្នាក់ដឹកនាំនៃមន្ទីរកសិកម្មខេត្តពោធិ៍សាត់ គឺ​មិនអាចចាត់ការលោកស្វាយ សំអាតបាននោះទេ ។ បទល្មើសនេសាទ​ត្រូវគេអះអាងថា នៅតែបន្តកើតមានព្រោងព្រាត​នៅក្នុងភូមិសាស្ត្រ​ស្រុកកណ្តៀង និងស្រុកក្រគរ ក្រោមការបើកដៃ​ពីសំណាក់លោកស្វាយ សំអាត ។ ការដែលលោក​ស្វាយ សំអាត នៅក្រាញ​តំណែង​មិនព្រមចូលនិវត្តន៍​នោះ ព្រោះតែផលប្រយោជន៍ច្រើនគគោក​ហើយការដែលថ្នាក់ដឹកនាំនៃមន្ទីរកសិកម្មខេត្តពោធិ៍សាត់​ចេះតែបន្ត​អាយុ​ឲ្យលោកស្វាយ​ សំអាត​នៅធ្វើការនោះ ព្រោះតែលោកស្វាយ សំអាត ក៏ជាប្រភពហិរញ្ញវត្ថុ​​របស់ថ្នាក់ដឹកនាំ ជាពិសេសជាប្រភពហិរញ្ញវត្ថុ​របស់លោក ភុំ វិមល ប្រធានមន្ទីរកសិកម្មនោះតែម្តង ៕

 


ចែករំលែក៖