ខេត្តព្រះវិហារ៖ ជនសង្ស័យ៥នាក់ ត្រូវកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនពាក់ព័ន្ធករណីឃុំឃាំងស្ដ្រីជនជាតិថៃ២នាក់ ដើម្បីជំរិតទារប្រាក់ ហើយការឃាត់ខ្លួន នេះ ក្រោមការចង្អុលណែនាំ ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនសន្តិសុខ ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នេះបានប្រព្រឹត្តទៅកាលពី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
មន្រ្តីនគរបាលខេត្តព្រះវិហារបានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ស្ត្រីរងគ្រោះជាជនជាតិថៃទាំង២នាក់ បានធ្វើដំណើរតាមយន្តហោះ ពីទីក្រុងបាងកក មកចុះនៅព្រលានយន្តហោះខេត្តសៀមរាប ។ ក្រោយពីស្ត្រីរងគ្រោះចុះពីលើយន្តហោះ ក៏មានរ៉ឺម៉កម៉ូតូដឹកចេញពីព្រលានយន្តហោះដោយមានរថយន្តមួយគ្រឿងទៀត ចាំទទួលយកបន្តពីរ៉ឺម៉កម៉ូតូមកទីតាំងកើតហេតុនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារតែម្តង។លុះមកដល់ទីនេះក្រុមជនសង្ស័យទាំង៥នាក់នេះ បានបង្ខំឲ្យស្ត្រីរងគ្រោះជាជនជាតិថៃទាំង២នាក់នេះ ទូរស័ព្ទទៅក្រុមគ្រួសាររបស់ពួកនាងៗនៅប្រទេសថៃ ឲ្យផ្ទេរប្រាក់ជាថ្នូរ នឹងការដោះលែង ។ បន្ទាប់ពីស្ត្រីជនជាតិថៃទាំងពីរនេះ ប្រាប់ក្រុមគ្រួសារ និងផ្ញើរូបភាពទៅឲ្យក្រុមគ្រួសារមើលក្រុមគ្រួសាររងគ្រោះក៏ប្តឹង មកស្ថានទូតថៃប្រចាំកម្ពុជា ហើយស្ថានទូតថៃប្តឹងបន្តមកអគ្គស្នងការនគរបាលជាតិ ទើបបំបែកបានសំណុំរឿងនេះ។
ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានការណែនាំពីអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនគរបាលខេត្តព្រះវិហារ ប្រមាណ៤០នាក់ បានសហការជាមួយកម្លាំងនគរបាល នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានចុះទៅដល់ទីតាំងខាងលើ និងឡោមព័ទ្ធទីតាំងខាងលើ មួយយប់ទល់ភ្លឺ រហូតទទួលបង្ក្រាបបានជោគជ័យ ដោយឃាត់ខ្លួនជនសង្ស័យ៥នាក់ ព្រមទាំងដកហូតសម្ភារមួយចំនួន និងរំដោះនារីជនជាតិថៃបានដោយសុវត្ថិភាព។
ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាងមានថ្នាំញៀនជិត៣គីឡូក្រាម អាវុធAKបត់១ដើម គ្រាប់៣០គ្រាប់ រថយន្ត១គ្រឿង ម៉ូតូ១គ្រឿងនិង សម្ភារផ្សេងៗមួយចំនួនទៀត។ ក្រោយរំដោះបាននារីជនជាតិថៃ២នាក់នេះបាន ជនសង្ស័យទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមច្បាប់ ៕ សហការី