ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យលួចម៉ូតូម្នាក់ និងអ្នកទទួលផលចោរកម្មម្នាក់ នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀងៈ ជនសង្ស័យម្នាក់ និងអ្នកទទួលផលចោរកម្មម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១១ព្រឹក ស្ថិតនៅក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ពាក់ពន្ធ័ករណីលួចម៉ូតូ ។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះកែវ ចាន់រស្មី ហៅម៉ី អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ ចំណែកម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ កែវ ជិន ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរលក់ពោតស្ងោរ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង រីឯម៉ូតូដែលត្រូវជនសង្ស័យលួចម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1F-1074 ។

ប្រភពបន្តថា ចំណែកជនសង្ស័យម្នាក់ដែលជាអ្នកទទួលផលចោរកម្មមានឈ្មោះ សុខ រ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រភពបន្តថាកាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែលជិត៨យប់ នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានករណីចោរលួចម៉ូតូ០១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1F-1074 ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូរបស់ស្ត្រី មុខរបរលក់ពោតស្ងោរ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង ។

បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញក្រុងស្វាយរៀង បានសហការជាមួយកម្លាំងជំនាញខេត្ត និងប៉ុស្តិ៍រដ្ឋបាលស្វាយរៀង ចុះស្រាវជ្រាវជាបន្តបន្ទាប់រហូតមកដល់ថ្ងៃទី ២៦ ខែឆ្នូ ឆ្នាំ ២០១៨ វេលាម៉ោង៨ព្រឹក បានឆែកកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ឃើញមុខសញ្ញាជាជនសង្ស័យក៏បានឃាត់ខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង។

តាមចម្លើយរបស់ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែនក្រោយពីធ្វើសកម្មភាពរួចក៏ ជិះយកទៅលក់នៅផ្សារក្រោលគោ ក្នុងតម្លៃ៣៣៥ដុល្លារ។

បន្ទាប់មកក្រោមបញ្ជាដឹកនាំផ្ទាល់របស់លោកកុយ សុភាព ស្នងការរងទទួលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ក៏បាននាំខ្លួនជនសង្ស័យដែលជាអ្នកទទួលផលរួមនឹងវត្ថុតាងម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ១គ្រឿងរបស់ជនរងគ្រោះ និងបានចុះឆែកឆេរផ្ទះរបស់ជនសង្ស័យភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ប្រមូលបានសម្ភារះធ្វើកម្មភាពលួចមួយចំនួនផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ខាងលើនេះត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់ ៕


ចែករំលែក៖