ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាទៅ អាជ្ញាធរ នៅតាមបណ្ដាខណ្ឌនីមួយៗ ត្រូវដោះ ស្រាយ ជាបន្ទាន់ចំពោះបញ្ហាសំរាម ដែលបាននិងកំពុងគចោលនៅតាមដងផ្លូវ និងមុខផ្ទះប្រជាពលរដ្ឋដោយសារកម្មករក្រុមហ៊ុន ស៊ិនទ្រី ផ្ទុះការតវ៉ាសុំដំឡើងប្រាក់ខែ ហើយឈប់ចុះប្រមូលសំរាមនោះ បានបើកយុទ្ធនាការប្រមូលសំរាមជាបណ្ដោះអាសន្ន ទម្រាំមានដំណោះស្រាយឡើងវិញ។
គិតត្រឹមព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ គេសង្កេតឃើញសំរាមនៅតាមដងផ្លូវ តាមទីសាធារណៈនានា និងជាពិសេសមុខផ្ទះប្រជាពលរដ្ឋនោះ ក្លាយជាគំនរដោយសារបងប្អូនកម្មករ ក្រុមហ៊ុន សិនទ្រី ឈប់មិន ចុះប្រមូលសំរាម ដោយសារតែពួកគេតវ៉ាសុំឲ្យក្រុមហ៊ុន របស់ខ្លួន ដំឡើងប្រាក់ឈ្នួល ទូទាត់ ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ និងប្រាក់អតីតភាពការងារជាដើម ។
ក្រោយមានបញ្ហានេះកើតឡើង លោក ឃួង ស្រេង អភិបាលរាជធានី បានបញ្ជាភ្លាមទៅ អភិបាលខណ្ឌទាំង១២ ត្រូវបញ្ចេញកម្លាំងប្រជាការពារ ចុះប្រមូលសំរាមតាមដងផ្លូវជាបណ្ដោះ អាសន្ន និងម្ខាងទៀតឲ្យជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយបន្ដទៀត ។
បើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានបញ្ជាក់ឲ្យនៅថ្ងៃព្រហស្បតិ៏៥រោចខែមិគសិរ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃ២៧ធ្នូ ឆ្នាំ២០១៨នេះថា៖ នៅ ពេលនេះអាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងជួបពិភាក្សារកដំណោះស្រាយ ជាមួយតំណាងថៅកែក្រុមហ៊ុនសិនទ្រី តំណាងសហជីព និងតំណាងកម្មករប្រមូលសំរាម ឈានទៅដល់បញ្ចប់បញ្ហាទាំងស្រុង កុំឲ្យរាំងស្ទះចំពោះការងារប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ ដែលជាបញ្ហាធំ រឿងបរិស្ថានស្អាត សេវាល្អ ធ្វើឲ្យប៉ះពាល់ដល់មុខមាត់ រាជធានីភ្នំពេញ និងភ្ញៀវជាតិ, អន្ដរជាតិផងដែរ។ ពាក់ព័ន្ធរឿងប្រមូលសំរាមនេះ អាជ្ញាធរខណ្ឌ ចំនួន២ គឺខណ្ឌឫស្សីកែវ និងខណ្ឌដូនពេញ ក៏ បានបញ្ជាឲ្យកម្លាំងប្រជាការពារ ចុះទៅប្រមូលកាកសំណល់ និងសំរាមទាំងឡាយតាមផ្លូវមួយចំនួន ជាពិសេសផ្លូវជាតិលេខ៥ ជាដំណោះស្រាយបណ្ដោះអាសន្ន ជៀសវាងនាំឲ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ដោយឡែកខណ្ឌដូនពេញ ក៏បានបញ្ចេញកម្លាំងប្រជាការពារសរុប៦០នាក់ ជួលរថយន្ដបែនចំនួន ៤គ្រឿង រថយន្ដខណ្ឌ៤គ្រឿង និងម៉ូតូកង់បីរបស់ខណ្ឌ៤គ្រឿង ចុះទៅប្រមូលសំរាមនៅតាមទីផ្លូវសាធារណៈ ក្នុងមូលដ្ឋានខណ្ឌដោះស្រាយបញ្ហាចំពោះមុខមួយអន្លើរសិន។
សូមបញ្ជាក់ថា៖ កាលពីឆ្នាំ២០១៧កន្លងមក ក៏មានផ្ទុះការតវ៉ា របស់បងប្អូនកម្មករ ក្រុមហ៊ុន ស៊ិនទ្រី ពាក់ព័ន្ធនឹងប្រាក់ឈ្នួលផងដែរ ប៉ុន្ដែភ្លាមអាជ្ញាធរ និងក្រុមហ៊ុន រកដំណោះស្រាយដោយដំឡើងប្រាក់ឈ្នូលជូនពួកគេ ទាំងក្រុមវេនថ្ងៃ និងវេនយប់ បានសមរម្យទើបពួកគេ ព្រមឈប់ផ្ទុះការតវ៉ាទាមទារ ប្រាក់ពលកម្ម ពីពេលនោះមក ៕សំរិត