ខេត្តកំពង់ស្ពឺ ៖ ចាត់ទុកថា សំណាងណាស់ទៅហើយដែលជនរងគ្រោះអាចរួចផុតជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍រថយន្តបើកបុកពីក្រោយ អូសជុត៦០ម៉ែត្រ គ្រាន់តែរបួសស្រាល ។ តែតៃកុងរថយន្តរងនូវបណ្តឹងថា ប៉ុនប៉ងមនុស្សឃាតដោយចេតនា ។
គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ ៤ កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ចន្លោះគីឡូម៉ែត្រលេខ៤៦.៤៧ ចំណុចភូមិសំណង់ សង្កាត់ រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បង្កឡើងដោយរថយន្ដ១គ្រឿ ង ម៉ាកLand Cruiser ពណ៌សំបកឪឡឹក ស្លាកលេខ ភ្នំពេញ 2C-6259 បើកបរដោយឈ្មោះសុង ប៊ុន ស៊ី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិតាំងទន្លេ សង្កាត់ សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរ អាជីករ បើកប រពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើបានទៅបុកម៉ូតូ១ គ្រឿង ម៉ាកស្កុបពី ពណ៌ស ស្លាក លេខ កំពង់ស្ពឺ 1J-4497 បើកបរដោយឈ្មោះ អៀន ផាន់ដា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មន្ត្រី កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្នាក់នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បណ្ដាលឲ្យរងរបួស ។
ក្រោយហេតុការណ៍បង្កការគ្រោះថ្នាក់ចរាចរណ៍ ម្ចាស់រថយន្តបានចោទប្រកាន់ ប្រកែកទៅលើម្ចាស់ម៉ូតូថា បើកបរគ្មានគោរពច្បាប់ ព្រោះផ្លូវជាតិគេបើកបរក្នុងល្បឿនលឿន តែម៉ូតូនេះបើកយឺតពេក ទើបបណ្ដាលឲ្យរថយន្តបុកពីក្រោយ ថែមទាំងមានអាកប្បកិរិយាច្រងេងច្រងាងមិនព្រមឲ្យជំនាញនគរបាលផ្នែកចរាចរណ៍វាស់វែង និងយកទៅកន្លែងនោះទេ ដោយស្ថានភាពបុគ្គលម្ចាស់រថយន្ដបង្កមានការរឹងទទឹង ទើបនគរបាលជំនាញស្នើសុំកម្លាំងសហការពីនគរបាលព្រហ្មទណ្ឌខេត្ដ ឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីចំណាត់ការ និងចាត់ការតាមនីតិវិធី ។
តាមការឲ្យដឹងពីនគរបាលជំនាញចរាចរណ៍ម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ករណីខាងលើនេះ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងបន្ថែមមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ ចោទប្រកាន់ ពីបទមនុស្សឃាត ដោយចេតនា ដោយសំអាងថា ជនរងគ្រោះកន្លងមកធ្លាប់អនុវត្ដដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះសុង ប៊ុនសុី កាលពីថៃ្ងទី៧ ខែមករា ឆ្នាំ២០១៨ ពេលនោះជនសង្ស័យបានប្រើពាក្យសម្ដីជេរប្រមាថដល់សមត្ថកិច្ចថាមិនអីទេពួកឯងថៃ្ងណាមួយដឹងខ្លួនមិនខានទេ «ជង់មិនភ្លេចកុក» ។
បច្ចុប្បន្នមធ្យោបាយវត្ថុតាងទាំងពីរជំនាញខេត្ដបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ដ ដើម្បីកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធីច្បាប់ ។
ករណីនេះដែរ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការបានគរបាលខេត្តបានបញ្ជាក់ប្រាប់ថា “តាមជំនាញត្រួតពិនិត្យកន្លែងកើតហេតុ រឿងចរាចរណ៍ជារឿងមួយហើយ ប៉ុន្តរឿងមួយទៀតដែលមានការសង្ស័យ ព្រោះចរាចរណ៍ការបុកមានស្នាមចាប់ហ្វ្រាំងតែនេះសូម្បីតែបន្តិច ទេអត់មានតែម្តង ។ ជាធម្មតាការបុកដែលបន្សល់នូវស្នាមចាប់ហ្វ្រាំងអូសយើងគិតថាជារឿងអចេតនា គ្រោះថ្នាក់ចៃដន្យ តែនេះមិនមានស្នាមហ្វ្រាំងសោះ ទាល់តែជនរងគ្រោះធាក់ឡានរំដោះខ្លួនចេញផុត ។
នៅពេលដែលសមត្ថកិច្ចចុះដល់ ជនបង្កមានះចចេសរឹងរូសហើយឲ្យសមត្ថកិច្ចយកឡានទៅចុះ ឯខ្លួនគេមិនទៅជាមួយឡើយ ពេលនោះទើបសមត្ថកិច្ចពន្យល់ពីផ្លូវច្បាប់ទើបគេព្រមមកជាមួយ ដោយមានការរាយការណ៍ជូនលោកស្រីព្រះរាជអាជ្ញាផងដែរ ។
ករណីនេះក្រោយកសាងសំណុំរឿងរួចរាល់ លោកបានចាត់ឲ្យខាងជំនាញព្រហ្មទណ្ឌធ្វើ ព្រោះជាប់ពាក់ព័ន្ឋបណ្តឹងករណីព្រហ្មទណ្ឌមនុស្សឃាតដោយចេតនា ៕ សេនាស័ក្តិ