ខេត្តពោធិ៍សាត់៖ ព្រះសង្ឃមួយអង្គជាចៅអធិការវត្ត នៅក្រុងប៉ោយប៉ែតបានលាលែង និងសុំទៅសឹកនៅស្រុកកំណើត ក្នុងខេត្តពោធិ៍សាត់នារសៀលថ្ងៃទី២៤ ធ្នូ ២០១៨ ក្រោយពីបែកធ្លាយរឿងអាស្រូវខ្លួន តាមបណ្តាញសង្គមហ្វេសប៊ុក ជាពិធីខួបកំណើតក្មេងម្នាក់សង្ស័យត្រូវជាកូន ធ្វើក្នុងអំឡុងយប់ថ្ងៃទី០២ ធ្នូ កន្លងមក ។
យ៉ាងណានោះ សុំមិនបញ្ចេញអត្តសញ្ញាណសង្ឃខាងលើទាំងទេ កុំឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនា ម្យ៉ាងជារឿងបុគ្គល ។ សង្ឃខាងលើ ត្រូវបានព្រះគ្រូអនុគណក្រុងប៉ោយប៉ែត និងមន្ត្រីសង្ឃសាលាអនុគណ ហៅមកសាកសួរនៅក្នុងវត្តសិរីមង្គលសុទ្ធរាម ហៅវត្តស្ទឹងបត់ នារសៀលថ្ងៃទី២៤ ធ្នូ ដដែល ប៉ុន្តែមិនអនុញ្ញាតឲ្យក្រុមអ្នកយកព័ត៌មានចូលរួមឡើយ ។
ប្រភពបន្តថា ប្រហែល២ម៉ោងក្រោយមក លទ្ធផលបានចេញជាផ្លែផ្កា ដោយយោងប្រភពពីតំណាងសមត្ថកិច្ចស្ថាប័នមួយដែលចូលរួមប្រាប់ថា ការពិតសង្ឃជាប់សង្ស័យ គឺបានព្រមទទួលកំហុស ទី១-ទទួលស្គាល់អ្វីៗដែលបែកធ្លាយ ទី២-សុំលាលែងពីចៅអធិការវត្ត(ទួលលក្ខរស្មីមានជ័យ ហៅវត្តទួលពង្រ)តែសុំទៅវត្តផ្សេងនៅឯស្រុកកំណើតក្នុងខេត្តពោធិ៍សាត់ ព្រោះអាណិតញោមម្តាយរបស់លោក ដែលកំពុងមានជងឺ ។
គួរបញ្ជាក់ដែរថា មុនឈានដល់ការលាឈប់ និងសុំផ្សឹកនេះ គឺមានអាខោនហ្វេសប៊ុនមួយ ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហោះរូបពិធីខួបកំណើតគ្រួសារមួយ ដែលតួឪពុកគេសង្ស័យជាសង្ឃខាងលើ មិនតែប៉ុណ្ណោះ មានទាំងឃ្លីបវីដេអូនិយាយថា អរគុណប្រពន្ធទិញខ្សែដៃឲ្យ និងមានរូបសង្ស័យជាច្រើនទៀតក្នុងដំណើរកំសាន្តតាមបណ្តាខេត្ត ប៉ុន្តែស្លៀកពាក់ជាជនស៊ីវិល ។
ក្រោយទទួលបានរូបភាពក្នុងបណ្តាញសង្គមរឿងមួយនេះ មានស្ថាប័នជំនាញតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ ។ កាលពីរសៀលថ្ងៃទី២៣ ធ្នូ បានទៅសុំការបំភ្លឺពីសង្ឃជាប់សង្ស័យខាងលើដែរ តែមិនទទួលការបកស្រាយ ឬមានសង្ឃដីកាអ្វីទាំងអស់ ៕ ប៉ឹម ពិន