ខេត្តកណ្ដាល៖ រថយន្ដមួយគ្រឿងបើកមិនប្រយ័ត្ន ជ្រុលទៅម៉ូតូសណ្ដោងរ៉ឺម៉កបើកស្របទិសគ្នា បណ្ដាលបុរសជាអ្នកបើកមម៉ូតូសណ្ដោងរ៉ឺម៉កទទួលរបួសធ្ងន់ កាលពីវេលម៉ោង១៦និង១០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចលើស្ពានព្រែកហូរ ស្ថិតក្នុងភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ មិន លី ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាអ្នកបរម៉ូតូសណ្ដោងរ៉ឺម៉ក ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1AX-9617 ។ ចំណែកឯរថយន្ដពុំស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ បើករត់គេចខ្លួនក្រោយមានហេតុការណ៍កើតឡើង ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កធ្វើដំណើរតាមបណ្ដោយផ្លូវក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចលើស្ពានព្រែកហូរ ស្រាប់តែមានរថយន្ដពុំស្គាល់ម៉ាកមួយគ្រឿងខាងលើ បានបើកបុកម៉ូតូសណ្ដោងរ៉ឺម៉កពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់ រីឯរថយន្ដបានបើករត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដសង្រ្គោះរបស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ចំណែកម៉ូតូសណ្ដោងរ៉ឺម៉កត្រូវបាននគរបាលជំនាញវាស់វែង ដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ