ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំចាប់អាតូច យកលុយអាធំ

ចែករំលែក៖

ប្រជាពលរដ្ឋ​រកស៊ីកាប់ឆ្ការ​ព្រៃ​ស៊ីឈ្នួលគេបានឲ្យដឹងថា ពួកគាត់​ក្លាយទៅជាជនរងគ្រោះ​ដោយសារតែក្រុមមន្ត្រី​បរិស្ថាន​នៃមន្ទីរបរិស្ថាន​ខេត្តកំពង់ធំ​ចាប់សង្កត់ក​យកលុយ ព្រោះតែ​ថា បានប្រព្រឹត្តល្មើសច្បាប់ក្នុងការកាប់រានព្រៃ ក្នុងដែន​សមត្ថកិច្ចបរិស្ថាន ។ ប៉ុន្តែពួកឈ្មួញថៅកែធំៗ កាប់រានព្រៃដីរាប់រយហិកតា មិនឃើញលោកបរិស្ថានចាប់បង្ក្រាប​នោះទេ ។ ក្រៅពីនោះ បទល្មើសនៃការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ​បានកើតឡើង​យ៉ាងគគ្រឹកគគ្រេង​ក្នុងដែន​សមត្ថកិច្ចរបស់បរិស្ថាន ប៉ុន្តែ​មិនឃើញពួកមន្ត្រីបរិស្ថានបង្ក្រាបនោះឡើយ ។

ជាក់ស្តែង​ប្រជាពលរដ្ឋ​មួយគ្រួសារ​ដែលស៊ីឈ្នួលកាប់រានដីព្រៃ​ត្រូវ​បានពួកមន្ត្រីបរិស្ថានចាប់​ផាកពិន័យជាប្រាក់​២លានរៀល នៅគ្រាដែលគ្រួសារក្រីក្រនេះ​ស៊ីឈ្នួលកាប់ឆ្ការព្រៃទំហំ​មួយហិកតា​មិនបាន៥០ម៉ឺនរៀលផងនោះ ។ ថ្វីបើរឿងនេះ​បានចប់ក៏ពិតមែន ប៉ុន្តែ​ប្រជាពលរដ្ឋនៅតែរិះគន់ក្រុមមន្ត្រីបរិស្ថាន ក្រោមអំណាចបញ្ជាលោកតុប កក្កដា ដែល​គាបសង្កត់លើប្រជាពលរដ្ឋក្រីក្រតូចតាច ផ្ទុយទៅវិញ បែរជាត្រូវរ៉ូវ​ជាមួយឈ្មួញអ្នកមានអំណាចមានលុយ ប្រព្រឹត្តបទល្មើស កាប់បំផ្លាញ និងដឹកជញ្ជូនព្រៃឈើ​យ៉ាងគគ្រឹកគគ្រេង​នៅតំបន់​ទំរីង ក្នុងស្រុកសណ្តាន់ ។ សកម្មភាពកាប់ និងដឹកជញ្ជូនឈើ​នៅតែបន្តកើតមានជារៀងរាល់ថ្ងៃក្នុងដែនសមត្ថកិច្ចបរិស្ថាន ហើយពេលខ្លះ ពួកគេចាប់បានឈើ​មិនព្រមប្រគល់​ឲ្យស្ថាប័នជំនាញ​នោះទេ បែរជាដោះលែងយកប្រាក់ងាយៗទៀតផង ។

លោក តុប កក្កដា ត្រូវគេអះអាងថា កំពុងកាក់កបយ៉ាងសម្បើមក្នុងបញ្ហាបទល្មើសព្រៃឈើ ក៏ដូចជាបញ្ហាបទល្មើសនេសាទក្នុងខេត្តកំពង់ធំ ។ ដោយសារភាពទន់ជ្រាយរបស់លោកសុខ លូ អភិបាលខេត្តកំពង់ធំ ទើបជាហេតុធ្វើ​ឲ្យប្រធានមន្ទីរបរិស្ថានខេត្តនេះ ហ៊ានធ្វើអី្វៗតាមអំពើចិត្ត ។ ប្រជាពលរដ្ឋ​និយាយថាបទល្មើសនៃការកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូន​នៅតំបន់​ការពារ ក្រោមដែនសមត្ថកិច្ចបរិស្ថាន បានកើតមានយ៉ាងសកម្ម ។ ការដឹកជញ្ជូនឈើ ក៏កំពុងកើតមានយ៉ាងខ្លាំងក្លាដែរ ។ កម្លាំងបរិស្ថានរបស់លោកតុប កក្កដា ចាំយកប្រាក់ពីបទល្មើសទាំងការកាប់បំផ្លាញ និងដឹកជញ្ជូនយ៉ាងត្រជាក់ចិត្ត ។ ភាពស្ងៀមស្ងាត់​របស់អាជ្ញាធរខេត្តកំពង់ធំ ធ្វើ​ឲ្យលោកតុប កក្កដា កាន់តែបានដៃ ។ យ៉ាងណាប្រជាពលរដ្ឋរំពឹងថា ក្រសួងបរិស្ថានមិនបណ្តោយ​ឲ្យ​តុប កក្កដា ជិះសេះលែងដៃដូចសព្វថ្ងៃនេះឡើយ ៕


ចែករំលែក៖