ខេត្តពោធិ៍សាត់៖ ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញមួយចំនួនបានធ្វើសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តធំៗ តាមរថយន្តកែច្នៃ និងគោយន្តកែច្នៃឆ្លងកាត់ស្រុកភ្នំក្រវាញ យ៉ាងគគ្រឹកគគ្រេងដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកភ្នំក្រវាញ បានឲ្យដឹងថាលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ប្រើអំណាចគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រសិនបើឈ្មួញណាចង់គេចវេះមិនបង់លុយឲ្យលោក សួស សុផានិត ត្រូវប្រឈមនឹងការបង្ក្រាបយកស្នាដៃជាមិនខាន ហើយលោក សួស សុផានិត តែងយកលេសថាខ្លួនប្រមូលលុយបង់ទៅឲ្យមេៗនៅខាងលើជាប្រចាំ។
ប្រភពពីក្រុមឈ្មួញដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស តំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល និងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឆ្លងកាត់ផ្លូវជាតិលេខ៥៥ ស្រុកភ្នំក្រវាញ បានឲ្យដឹងថា ពួកគេអាចដឹកជញ្ជូនឈើឆ្លងកាត់ស្រុកភ្នំក្រវាញ យ៉ាងរលូនឲ្យតែបង់លុយតាមការកំណត់របស់លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ។ នៅពេលឈ្មួញខ្លះតវ៉ារឿងនេះត្រូវបានលោក សួស សុផានិត ឆ្លើយតបទៅវិញត្រង់ៗថាប្រសិនបើខ្លួនមិនយកលុយពីឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ទេនោះ តើបានលុយឯណាយកទៅជូនថ្នាក់លើ។ សំដីរបស់លោក សួស សុផានិត បែបនេះជាភស្ដុតាងបង្ហាញឲ្យឃើញថា ករណីក្រុមឈ្មួញអាចដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៥៥ ក្នុងស្រុកភ្នំក្រវាញ យ៉ាងរលូន គឺមានការឃុបឃិតជាប្រព័ន្ធ ហើយមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ និងប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ គឺជាអ្នកឃុបឃិតឲ្យលោក សួស សុផានិត ធ្វើអ្វីៗតាមអំពើចិត្ត។
តាមការអះអាងរបស់ក្រុមឈ្មួញបានឲ្យដឹងថា នៅពេលពួកគេដឹកឈើមូលទំហំតូចៗក្នុងមួយរថយន្តត្រូវបង់លុយឲ្យលោក សួស សុផានិត ពី១០ម៉ឺនឡើងទៅហើយបើដឹកឈើអារត្រូវបង់លុយពី១៥ម៉ឺនរៀលឡើងទៅទើបអាចឆ្លងកាត់ផ្លូវជាតិលេខ៥៥ ក្នុងស្រុកភ្នំក្រវាញ ដោយគ្មានឧបសគ្គ។ ក្រុមឈ្មួញបានឲ្យដឹងទៀតថា ជួនកាលមុនពេលដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៥៥ ក្នុងស្រុកភ្នំក្រវាញ ពួកគេត្រូវរាយការណ៍តាមទូរស័ព្ទទៅលោក សួស សុផានិត ជាមុនដើម្បីអាចទៅដល់គោលដៅដោយរលូន។ ប្រសិនបើឈ្មួញណាហ៊ានគេចវេះមិនបង់លុយតាមកំណត់ទេនោះ គឺត្រូវលោក សួស សុផានិត ចាប់បានពិន័យតាមអំពើចិត្តជាមិនខាន ហេតុនេះហើយទើបក្រុមឈ្មួញមិនហ៊ានរំលងលោក សួស សុផានិត មេរដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញ នោះឡើយ។ ចំណែកលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ត្រូវបានមជ្ឈដ្ឋាននានាកត់សម្គាល់ថា កំពុងរង់ចាំទទួលផលប្រយោជន៍ពីលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើភ្នំក្រវាញ យ៉ាងសុខស្រួល៕ ហេង សូរិយា