ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីពោះធំគ្រប់ខែ ចាំគ្រូពេទ្យយូរពេកស្លាប់នៅមន្ទីរពេទ្យឡាំ​ ប៉ុនថន

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបន្ទាប់ពីស្ត្រីពោះធំ គ្រប់ខែម្នាក់បានសម្រាលកូននៅមន្ទីរពេទ្យឡាំ​ ប៉ុនថន​ ដោយចាំក្រុមគ្រូពេទ្យយូពេកក៏បានស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃម្នាក់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថិតនៅទីតាំងគ្លីនីកតែម្តង តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះឈ្មោះ យ៉េម មករា អាយុ៣៧ឆ្នាំ ជាកូនរបស់ក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបច្ចុប្បន្នស្នាក់នៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

បេីតាមស្ត្រីម្នាក់បងប្អូនជនរងគ្រោះបានឲ្យដឹងថា​ ស្ត្រីរងគ្រោះ បានឈឺពោះសម្រាលកូន នៅវេលាម៉ោង៦៖០០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ក៏សម្រចដឹកទៅគ្លីនីក ឡាំ ប៊ុនថន ដែលមកដល់នៅម៉ោង៧៖០០នាទីព្រឹក ហើយពេលមកដល់គ្លីនីក បានចរចាជាមួយខាងគ្លីនីក តម្លៃ៦២០ដុល្លារ។ លុះវេលាម៉ោង៨៖០០នាទីព្រឹក ខាងគ្លីនីកដែលបានសម្របសម្រួល ខាងវះកាត់រួចហើយនោះ បែរមិនបានវះកាត់វិញ។

ស្ត្រីដដែលបានបន្តថា រហូតដល់ម៉ោង១១៖០០នាទីព្រឹក ជនរងគ្រោះបានសន្លប់ ហើយខាងគ្លីនីកថា មានអាការៈធ្ងន់ធ្ងរ ក៏បញ្ជូនទៅមន្ទីរពេទ្យខ្មែរ-សូវៀត។ មកដល់មន្ទីរពេទ្យខ្មែរ-សូវៀត ស្រាប់តែពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ គឺទាំងម្តាយ និងកូន ដែលមិនដឹងថា ដាច់ខ្យល់តាំងពីពេលណាទេ។

ពាក់ព័ន្ធករណីនេះ ខាងគ្លីនីក ឡាំ ប៊ុនថន បានបញ្ជាក់ប្រាប់ឲ្យដឹងដែរថា ការស្លាប់របស់ស្ត្រីរងគ្រោះ មានជំងឺម្យ៉ាង ដែលកើតឡើងភ្លាមៗ ហើយមានអាការៈធ្ងន់ធ្ងរតែម្តង។

ជាមួយគ្នានេះ មជ្ឈដ្ឋានមួយចំនួនដែលមើលឃើញហេតុការណ៍នេះ ​បានទទូចដល់រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មេត្តាចាត់ឲ្យមន្រ្តីចុះទៅស្រាវជ្រាវរឿងពិត ដើម្បីកុំឲ្យមានគ្រោះថ្នាក់ជនរងគ្រោះលើកក្រោយទៀត៕សុខាសែនជ័យ


ចែករំលែក៖