ព័ត៌មានទាន់ហេតុការណ៍៖

ហាងលក់ទូរស័ព្ទមួយកន្លែងត្រូវក្រុមចោរកាត់ដំបូលចូលផ្ទះប្រមូលអស់គ្មានសល់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ទូរស័ព្ទដៃ ប្រមាណ១៣០គ្រឿង ត្រូវបានក្រុមចោរមិនស្គាល់អត្តសញ្ញាណបានចូលកាត់តាមដំបូលតូបប្រមូលយកអស់គ្មានសល់ទាំងកណ្ដាលអធ្រាត្រ ខណៈ ដែលម្ចាសហាងកំពុងដេកលង់លក់ លុះព្រឹកឡើងមានការឆោឡោរភ្ញាក់ផ្អើលរាយការណ៍មកសមត្ថកិច្ចតែម្ដង ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២ និង៣០នាទីទៀបភ្លឺ នៅថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិប្រសូត្រទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមមន្ត្រីនគរបាលស្រុកស្វាយទាបបានបង្ហើបឲ្យដឹងថា ពិតជាមានករណីក្រុមជនសង្ស័យធ្វើសកម្មភាពឡើង កាត់ដំបូលផ្ទះមែន ដោយម្ចាស់ហាង រងគ្រោះមាន ឈ្មោះ សំ​ ចាន់ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរលក់ទូរស័ព្ទរស់នៅក្នុងភូមិប្រសូត្រទី១ឃុំកណ្ដៀងរាយស្រុកស្វាយទាបខេត្តស្វាយរៀង ។

ប្រភពបន្តថា ចំពោះសម្ភារ ដែលបាត់បង់រួមមាន ទូរស័ព្ទម៉ាកOPPO F9ចំនួន១០គ្រឿង, ម៉ាកOPPO A35ចំនួន៧០គ្រឿង, ម៉ាកអាយហ្វូនស៊ិចផ្លឹសចំនួន១០គ្រឿង, ម៉ាកអាយហ្វូនស៊ិចចំនួន០៥គ្រឿងម៉ាកហូវ៉េចំនួន៣៥គ្រឿង សរុបទាំងអស់គឺចំនួន១៣០គ្រឿង ។

តាមម្ចាស់ហាង បានរៀបរាប់ប្រាប់សមត្ថកិច្ចថាមុនកើតហេតុក្រោយពីលក់ដូររួច ក៏បានទាញទ្វាបិទចាក់សោរដូចសព្វដងហើយ ក៏បានដើរទៅសម្រាន្តក្នុងផ្ទះលុះព្រឹកឡើងស្រាប់តែដើទៅខាងមុខផ្ទះ ក៏មានការភ្ញាក់ផ្អើលតែម្ដងខណះក្រឡេកឃើញទូដាក់ទូរស័ព្ទចំហររប៉ាត់រប៉ាយ និងបាត់គ្មានសល់ទើបស្រែកឆោឡោ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានតែម្ដង ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាល ក៏ដូចជាកងរាជអាវុធហត្ថស្រុកកំពុងធ្វើកំណត់ហេតុ និងស្រាវជ្រាវឆែកតាមកាំម៉ារ៉ាសុវត្ថិភាព ដើម្បីស្វែងរកមុខជនសង្ស័យ ឃាត់ខ្លួនចាត់ការបន្តតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖