ភ្នំពេញ៖ រថយន្តចំនួន២គ្រឿង បានរងការខូចខាតយ៉ាងដំណំ ខណៈដែលបុរសវ័យក្មេងម្នាក់ ទំនងជាស្រវឹងបានបើករថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រឺដ បោះពួយលឿនជ្រុលទៅបុកក្បាលព្រួញចែកទ្រូងផ្លូវ បណ្ដាលក្បាលព្រួញថ្មខ្ទោតចេញពីខឿនផ្លូវ ហើយរថយន្តបង្កគៀបជាប់នឹងខឿន ដាច់ក្រឡេមុខខាងឆ្វេង ភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកមីតស៊ុយបីហ្ស៊ី TRITON បើកមកពីក្រោយ ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តថែមទៀតពេញទំហឹង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃសៅរ៍ ៧រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចស្តុបទួលស្វាយព្រៃ តាមផ្លូវបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ ស្ថិតនៅភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកកាមរីហាយប្រឺដ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-9737 បើកបរដោយបុរសវ័យក្មេងម្នាក់ រួមដំណើរដោយនារីម្នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងល្បឿនលឿនទិសដៅពីលិចទៅកើតទំនងជាអ្នកបើកបរស្រវឹងផងនោះ ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មក្បាលព្រួញពុះចែកផ្លូវពេញទំហឹង បណ្ដាលក្បាលព្រួញខ្ទាតចេញពីទ្រូងផ្លូវចម្ងាយប្រហែល៥ម៉ែត្រ ធ្វើឲ្យរថយន្តគៀបជាប់នឹងទ្រូងផ្លូវនិងដាច់ក្រឡេកង់ខាងឆ្វេង បើកទៅមុខលែងរួច ។ ក្នុងហេតុការណ៍នោះដែរ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាកមីតស៊ុយបីហ្ស៊ី TRITON ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-6864 របស់ក្រុមហ៊ុន OMG បើកបរដោយបុរសជាបុគ្គលិកក្រុមហ៊ុន OMG កំពុងតែបើកតាមពីក្រោយ ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុករថយន្តបង្កថែមទៀត បណ្ដាលឲ្យរថយន្ត TRITON ខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ បន្ទាប់មកបុរសដែលបើករថយន្តកាមរីហាយប្រឺដ បានឡើងរថយន្តមិត្តភក្តិមួយគ្រឿងទៀតម៉ាកឡិចស៊ីសRX330 ពណ៌ស មិនចាំស្លាកលេខ គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង រួចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយសងការខូចខាតដល់សម្បត្តិរដ្ឋ ។ រីឯភាគីរថយន្តកាមរី និងរថយន្ត Triton របស់ក្រុមហ៊ុន OMG ព្រោះមិនចង់វែងឆ្ងាយ ហើយក៏ត្រូវជាមិត្តភ័ក្តិគ្នាទៀត ក៏សុខចិត្តយករថយន្តទៅជួសជុលដោយខ្លួនឯង ៕ស រស្មី