ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍នគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបង្ហាញថា នៅថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នេះ កើតមានករណីហិង្សាក្នុងគ្រួសារ និងក្មេងទំនើងរហូតដល់ទៅចំនួន ៤ករណី បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល និងត្រូវកម្លាំងនគរបាលធ្វើការឃាត់ខ្លួនមួយចំនួនផងដែរ នៅក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងរបាយការណ៍នៅភូមិនិគមន៍លើ ឃុំស្វាយដូនកែវ ស្រុកបាកាន មានមួយករណីប្តីផឹកស្រវឹងវាយប្រពន្ធទ្រមខ្លួន ត្រូវបាននគរបាលប៉ុស្ដិ៍រដ្ឋបាលឃាត់ខ្លួនអនុវត្តច្បាប់។
របាយការណ៍ដដែលបន្តថា នៅភូមិព្រះម្លូ ឃុំបឹងខ្នារ ស្រុកបាកាន មាមមួយករណីដែរ បង្កឡើងដោយកក្មេងទំនើង ១ក្រុមមានគ្នា ៤នាក់ បានធ្វើសកម្មភាពកាប់លើឈ្មោះ ដូត បឹម ភេទប្រុស អាយុ ១៨ឆ្នាំ បណ្ដាលឲ្យរងរបួស សមត្ថកិច្ចបានឃាត់ខ្លួនរួមទាំងវត្ថុតាង(ដាវ) និងមធ្យោបាយផងដែរ។
របាយការណ៍បន្តទៀតថា នៅភូមិ.ឃុំតាលោ ស្រុកបាកាន ក៍មានមួយករណីដែរ ប្តីវាយប្រពន្ធ និងគប់មួយកែស្រាខុសប្រពន្ធទៅក្បាលអ្នកផ្សេង កម្លាំងប៉ុស្តិ៍ឃាត់ខ្លួនអនុវត្តច្បាប់។
របាយការណ៍បញ្ជាក់ទៀតថា ដោយឡែក៖ នៅភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន មានមួយករណីបន្ថែមទៀត បង្កឡើងដោយក្មេងទំនើង ២ក្រុម ១ក្រុមមានគ្នាចំនួន ៧នាក់ និង១ក្រុមទៀតមានគ្នាចំនួន ២នាក់ បានជិះម៉ូតូដេញកាប់ក្រុមមានគ្នា ៧នាក់ ធ្វើឲ្យស្លន់ស្លោជិះម៉ូតូលឿនជ្រុលបុកដើមឈើ និងបង្គោលសុវត្ថិភាពផ្លូវថ្នល់របួសចំនួន ៣នាក់។
ករណីហិង្សាក្នុងគ្រួសារ និងក្មេងទំនើងចំនួន ៤ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយខាងលើនេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងបន្តនីតិវិធីនៅឡើយ៕ ប៉ឹមពិន