ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់៣កង់រថយន្តក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ៖ បុរស់ម្នាក់បើករថយន្តបុកក្បាលនាគពុះចែក ទ្រូងផ្លូវបាក់អស់៣កង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងម្ខាង រីឯអ្នកបើករថយន្តរងរបួសស្រាលគេចខ្លួនបាត់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃ ពុធ ទី២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ចំណុចស្តុបក្តាន់ពីរ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មាននៅកន្កែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតូយ៉ូតាហាយឡែនឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5286 ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្សីក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងម្ខាង រីឯម្ចាស់រថយន្តរង របួសស្រាលបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖