ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានស្គាល់នារីម្នាក់តាមហ្វេសប៊ុក ឆាតលួងលោមជនរងគ្រោះ ណាត់គ្នាមកដេកផ្ទះសំណាក់បៃតង ស្រាប់តែជនរងគ្រោះមកដល់បើកទ្វារចូល ជនសង្ស័យច្របាច់ក រួចយកកាំបិតភ្ជង់ ប្លន់យកគ្រឿងអលង្ការ ទូរសព្ទ័ និងលុយមួយចំនួនសរុប ជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លាររួចគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះ កើតឡើងនៅម៉ោង៦ល្ងាច ថ្ងៃអង្គារ ទី១ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុងចំណុចក្នុង ផ្ទះសំណាក់បៃតង បន្ទប់លេខ២ ស្ថិតនៅភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ហួន សុភា អាយុ២៤ឆ្នាំ មុខរបរលក់ឥវ៉ាន់ online ស្នាក់នៅ ផ្ទះជួល សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ។
សម្ភារដែលត្រូវបាត់បង់រួមមានទូរស័ព្ទ I phone EX ១គ្រឿង, ខ្សែកចំនួន១ខ្សែ, ខ្សែដៃចំនួន១ខ្សែ, ចិញ្ចៀនពេជ្រ១វង់, លុយដុល្លារចំនួន២០០$សរុបជាទឹកប្រាក់ អស់ជាង៣ពាន់ដុល្លារ ។
តាមសម្តី របស់នារីរងគ្រោះប្រាប់ថា គាត់បានស្គាល់ជនសង្ស័យតាមហ្វេសប៊ុកអស់រយះពេលជិត១ខែមកហើយ រួចបានឆាតមកជនរងគ្រោះសូមដើរលេងជាញឹកញាប់តែជនរងគ្រោះមិនព្រមទៅ។ នៅមុនពេលកើតហេតុ ជនសង្ស័យបានណាត់ជនរងគ្រោះឲ្យមកជួបគ្នាចំណុចកើតហេតុដោយបានប្រាប់ជនរងគ្រោះថាមកជួបបង បងឲ្យលុយចំនួន១០០ដុល្លារហើយបានប្រាប់ទៀតថា មកដេកជាមួយបង បងមិនធ្វើអីៗនោះទេ សូមតែអូនមកជួបបងមួយភ្លេតមក ជនរងគ្រោះលឺដូច្នេះបានមកជួបតាមការណាត់ដោយបានឲ្យមិត្តភក្តិជិះម៉ូតូឌុប មកភ្លាម ពេលមកដល់ បន្ទប់ផ្ទះសំណាក់ជនរងគ្រោះបានដើរចូលទៅបន្ទប់ដែបានណាត់ជួបពេលដែល រុញទ្វារចូលទៅស្រាប់តែជនសង្ស័យបានចាប់ច្របាច់កជនរងគ្រោះ ហើយយកកូនកាំបិតស្នៀតភ្ជង់ទៅលើជនរងគ្រោះ ដើម្បីប្លន់ យកទ្រព្យសម្បត្តិ និងគំរាមថា (បើង៉ែញហ៊ានស្រែក អញនឹងសម្លាប់ចោល)។ ខណៈនោះជនរងគ្រោះភ័យពេកមិនហ៊ានស្រែក ក៏បណ្ដោយឲ្យជនសង្ស័យចេញមកក្រៅរួចឡើងជិះម៉ូតូកង់បីគេចខ្លួនទៅបាត់តែម្ដង ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានកម្លាំងកងរាជអាវុត្ថខណ្ឌសែនសុខនាំខ្លួនមកដាក់ពាក្យបណ្ដឹងនិងសួរនាំបន្តដើម្បីកំណត់មុខសញ្ញាជនសង្ស័យ ចាប់ខ្លួនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ជ្រោយពេជ្រ