ភ្នំពេញ៖ ក្នុងយប់ឆ្លងឆ្នាំ នៅវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ ឈ្នះ» រាត្រីថ្ងៃឆ្លងឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឈានចូលថ្ងៃទី០១ខែមករាឆ្នាំ២០១៩គេសង្កេតឃើញ សិល្បករជាច្រើនចូលរួមអបអរសាទរ ក្នុងថ្ងៃដ៏ពិសេសនេះ។ កាន់តែអស្ចារ្យទៀតនោះ តារាជាច្រើនបានស្លៀកពាក់សម្លៀកបំពាក់តំណាងឲ្យប្រទេសនីមួយៗ នៅជុំវិញអាស៊ាន និងបណ្តាប្រទេសមួយចំនួនទៀតយ៉ាងទាក់ទាញគាប់ភ្នែក។
សិល្បករទាំងនោះដូចជា កញ្ញា សោម ស្រីនាថ លោក សុធា ពិសិដ្ឋ លោកVj អាឡាស្កូ លោកប៊ឺរី កញ្ញាខ្លឹម ស្រីគារ លោក សុខ សាន់នី កញ្ញាណាក់ ស្រីណា កញ្ញាឌួង ហ្សូរីម៉ា កញ្ញាពេជ្រ កញ្ញាអាវីហ្សា សុផា លីនដា កញ្ញា អឹង និមល លោកចន ច័ន្ទតារា លោកលី ណូរ៉ា និងតារាសម្តែងជាច្រើនរូបទៀត។
ពិតជាប្លែកភ្នែក និងពិសេសខ្លាំងណាស់ ជាមួយការបង្ហាញម៉ូដសម្លៀកបំពាក់បែបនេះ អមដោយទិដ្ឋភាពពន្លឺកាំជ្រួចយ៉ាងស្រស់ស្អាត ពិតជាធ្វើឲ្យថ្ងៃឆ្លងឆ្នាំ២០១៨ ចូល២០១៩ យប់មិញ ពេញដោយការចងចាំយ៉ាងក្រៃលែង។ សិល្បករទាំងអស់បានធ្វើការហាត់សមជាច្រើនថ្ងៃមុនពេលដែលការចូលរួមបង្ហាញសមត្ថភាពត្រូវបានបង្ហាញជាសាធារណៈទាំងកាយវិការ ទឹកមុខ បូករួមទាំងការរាំចង្វាក់បែបដំណាងប្រទេសនីមួយផងដែរ។
សិល្បករទាំងអស់បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពដែលបានចូលរួមកម្មវិធីជាប្រវត្តិសាស្ត្រនេះឡើង ដែលពួកគេចាត់ទុកដែរថាជាកិត្តិយសដ៏ធំធេញក្នុងជីវិតជាសិល្បករ៕ វឌ្ឍនា