ខេត្តកំពង់ធំ៖ «ឆ្កែចេះតែព្រុះ មនុស្សចេះតែដើរ» គឺជាអ្វីដែលអាជ្ញាធរខេត្តកំពង់ធំអះអាងថា មិនអនុញ្ញាតឲ្យមានការឈូសឆាយបំផ្លាញព្រៃលិចទឹក នៅក្នុងតំបន់៣ ស្ថិតក្នុងស្រុកកំពង់ស្វាយនោះទេ ។ នេះគ្រាន់តែជាការអះអាងនៅលើបបូរមាត់របស់ថ្នាក់ដឹកនាំ ប៉ុន្តែការពិត បទល្មើសនៃការឈូសឆាយនៅតែធ្វើជារៀងរាល់ថ្ងៃ ប្រៀបដូចវែកចក នៅពេលដែលសមត្ថកិច្ចដើរចេញផុត ពួកគេបន្តឈូសឆាយដដែល ។ រហូតមកដល់ពេលនេះ គ្មានអ្នកទទួលខុសត្រូវនោះទេ បើទោះបីគេដឹងថា តំបន់៣ ស្ថិតនៅក្នុងឃុំកំពង់គោ ក្រោមការទទួលខុសត្រូវរបស់ដែនរដ្ឋបាលសមត្ថកិច្ចរដ្ឋបាលជលផល ដែលមានលោក សៅ វណ្ណសេរីវុធ ជាអ្នកទទួលខុសត្រូវក៏ដោយ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីថ្នាក់មូលដ្ឋាន និងស្ថាប័នជំនាញបានឃុបឃិតគ្នាពាក់ព័ន្ធទៅនឹងការឈូសឆាយដីព្រៃលិចទឹកនៅតំបន់៣ ដែលក្នុងនោះមាន ១ លោកអ៊ុន បុត អភិបាលស្រុកកំពង់ស្វាយ, ២ លោក ស្រី ណាល់ មេឃុំកំពង់គោ, ៣ លោក ឈុត ប៊ុនថាំ ជំទប់ទី១ ឃុំកំពង់គោ , ៤ លោក យ៉េន ម៉ង ប្រធានសហគមន៍, ៥ លោកប៊ុននី ហៅ ប៊ី, ៦ លោក គួក គឿន អ្នកឈូសឆាយព្រៃលិចទឹក, ៧ លោក វណ្ណ សេរីវុធ នាយសង្កាត់រដ្ឋបាលជលផលស្វាយលើ ស្រុកកំពង់ស្វាយ, ៨ តាប៉ែត អ្នកទទួលលុយចាត់ចែងឲ្យសមត្ថកិច្ចផ្សេងៗ និង៩ លោក យ៉ុង ជាមេការនាំគ្រឿងចក្រចូល ។
ប្រជាពលរដ្ឋអះអាងថា ពួកគេបានចងក្រងរចនាសម្ព័ន្ធជាប្រព័ន្ធក្នុងការឈូសឆាយដីព្រៃលិចទឹកនៅតំបន់៣ ស្ថិតក្នុងភូមិព្រះស្នែង, អូរចេះ ខាងជើងស្ទឹងសែន ស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ អ្នកភូមិនៅតំបន់នោះអះអាងថា ប្រសិនបើគ្មានវិធានការទាន់ពេលទេ គ្មានទៀតឡើយព្រៃលិចទឹកនៅក្នុងស្រុកកំពង់ស្វាយ ។ អ្នកភូមិអះអាងថា បើទោះបីជាមកដល់ពេលនេះ សកម្មភាពឈូសឆាយដីព្រៃលិចទឹកមិនថមថយយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចថ្នាក់ដឹកនាំខេត្តបានត្រឹមមកអើតឈ្ងោកបន្តិចរួចក៏ត្រឡប់ទៅវិញ ។ មានន័យថា ថ្នាក់ដឹកនាំខេត្តបានដឹងថា មានបទល្មើសដែរ ប៉ុន្តែមិនចាត់វិធានការក្តៅ ។
លោក ស្រី ណាល់ មេឃុំកំពង់គោ អះអាងថា លោកមិនពាក់ព័ន្ធឬមានសិទ្ធិក្នុងការចេញច្បាប់ឲ្យឈូសឆាយដីព្រៃលិចទឹកតំបន់៣នោះទេ ព្រោះវាជាសមត្ថកិច្ចរបស់ជលផល ។ លោកមានតែបង្ក្រាបហើយតែងតែហាមឃាត់ ប៉ុន្តែយ៉ាងណា «ពួកគេលួចឈូសឆាយ ហើយប្រជាពលរដ្ឋមួយចំនួនបានលក់ដីនោះ»ទៅឲ្យឈ្មោះ គួក គឿន តាំងពីឆ្នាំ២០០៦ មុនពេលដែលរាជរដ្ឋាភិបាលចេញច្បាប់ការពារដីតំបន់៣ សម្រាប់ជាដែនជម្រកត្រីពងកូន ។
មេឃុំរូបនេះបានបន្ថែមថា ឯកសារទទួលស្គាល់ដីធ្លី មុនច្បាប់ការពារតំបន់៣ចូលជាធរមាននៅឆ្នាំ២០១២នោះ គឺមេឃុំចាស់បានទទួលស្គាល់ដីតំបន់នោះជាកម្មសិទ្ធិឯកជន ហើយម្ចាស់គេបានលក់ជាបន្តបន្ទាប់ ។ មេឃុំចាស់ជាអ្នកចុះហត្ថលេខាទទួលស្គាល់លើកម្មសិទ្ធិដីធ្លីនៅតំបន់៣នេះ តាំងពីឆ្នាំ២០០៦ មុនពេលដែលតំបន់នេះដាក់ជាតំបន់ការពារ ។
លោក ឈុត ប៊ុនថាំ ជំទប់ទី១ ឃុំកំពង់គោបាននិយាយថា លោកមិនបានអនុញ្ញាត ហើយក៏មិនដឹងអំពីការឈូសឆាយនោះដែរ ។ លោកគ្រាន់តែដឹងថា មានបញ្ហាទំនាស់រវាងអ្នកឈូសឆាយដី នឹងប្រជាពលរដ្ឋដែលបានលក់ដី មិនតែប៉ុណ្ណោះ លោកដឹងថា មានមនុស្សម្នាក់ជាអ្នករួមចំណែកឲ្យមានបទល្មើសឈូសឆាយដីនៅតំបន់នោះ ។
លោក ឡេង ចយ មេភូមិខ្សាច់ជីររស់ និយាយថា លោកមិនដឹងអីទេ ពីព្រោះថ្នាក់ឃុំចាត់លោកជាទីងមោងចាំចាបតែប៉ុណ្ណោះ ។ លោកទទួលស្គាល់ថា មានការឈូសឆាយដីព្រៃលិចទឹកនៅតំបន់៣នោះមែន ប៉ុន្តែលោកមេឃុំមិនដែលទំនាក់ទំនង ឬពិភាក្សាជាមួយលោកនោះឡើយ ។
អ្នកភូមិទាំងឡាយរស់នៅក្នុងភូមិកំពង់គោ បាននិយាយថា បើទោះបីជាដីព្រៃលិចទឹកមួយចំនួនត្រូវបានទទួលស្គាល់ដោយមេឃុំចាស់ តាំងពីឆ្នាំ២០០៦នោះក៏ដោយ ក៏ពួកគាត់មិនដែលក់ដីឲ្យឈ្មោះ គួក គឿន នោះទេ ។ អ្នកភូមិនិយាយថា ឈ្មោះគួក គឿនបានឃុបឃិតជាមួយអាជ្ញាធរឃុំមកឈូសដីព្រៃលិចទឹកនៅតំបន់៣ឆៅៗតែម្តង ។ មិនតែប៉ុណ្ណោះ អាជ្ញាធរស្ថាប័នជំនាញ ជាពិសេសរដ្ឋបាលជលផល មិនដែលចាត់វិធានការចំពោះអ្នកប្រព្រឹត្តល្មើសនោះឡើយ ។ អ្នកភូមិសង្ស័យថា នាយសង្កាត់រដ្ឋបាលជលផលស្វាយលើ លោកសៅវណ្ណសេរីវុធ ទទួលបានប្រយោជន៍ពីក្រុមអ្នកឈូសដីព្រៃលិចទឹកទាំងនោះ ។
លោកអ៊ុន បុត អភិបាលស្រុកកំពង់ស្វាយបាននិយាយថា លោកមិនបានអនុញ្ញាតឲ្យមានការឈូសឆាយដីព្រៃលិចទឹកនៅតំបន់៣ ចំណុចព្រះស្នែង, អូរចេះ ក្នុងឃុំកំពង់គោ នោះទេ ។ នៅគ្រាដែលមានឮព័ត៌មាននេះ លោកក៏បានឲ្យជំនាញមន្ត្រីជលផល ចុះទៅពិនិត្យមើល ប៉ុន្តែពួកឈ្មួញបើកគ្រឿងចក្រចេញអស់ទៅហើយ ។
អ្នកភូមិនិយាយថា បទល្មើសនៃការឈូសឆាយដីព្រៃនៅតំបន់៣ ស្ថិតក្នុងស្រុកកំពង់ស្វាយ ជាការចងក្រងប្រព័ន្ធ ហើយមន្ត្រីរដ្ឋបាលជលផលនៅក្នុងតំបន់នេះ ពោលគឺលោក សៅ វណ្ណសេរីវុធ ជាអ្នកទទួលខុសត្រូវធំជាងគេ ។ អ្នកភូមិនិយាយថា មិនដែលឃើញពួកមន្ត្រីជលផលចុះមកពិនិត្យមើលស្ថានភាពជាក់ស្តែងម្តងណាឡើយ ។ អ្នកភូមិសង្ស័យថា លោកសៅ វណ្ណសេរីវុធ ទទួលបានលាភសក្ការពីពួកឈ្មួញដែលមកឈូសឆាយដីព្រៃនោះ ។
លោកសៅ វណ្ណសេរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ អះអាងថា ក្រោយពីទទួលបានបទបញ្ជាពីលោកអភិបាលខេត្ត លោកបានដឹកនាំកម្លាំងចុះពិនិត្យការឈូសឆាយទាំងយប់ ប៉ុន្តែមិនឃើញមានបទល្មើស ។
ប្រជាពលរដ្ឋនៅឃុំកំពង់គោអះអាងថា ធ្វើយ៉ាងម៉េចទើបឃើញបទល្មើស បើមុនពេលមានមន្ត្រីចុះទៅពិនិត្យ ពួកគេបានទូរស័ព្ទប្រាប់ម្ចាស់គ្រឿងចក្រឲ្យផ្អាកសកម្មភាព ឬយកគ្រឿងចក្រទៅលាក់ទុកហើយនោះ ៕ ប៊ុនរិទ្ធី