ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានវញ្ជូនទៅសង្រ្គោះភ្លាមៗ បន្ទាប់ពីបើកបរម៉ូតូបញ្ច្រាសផ្លូវទៅប៉ះជាមួយរថយន្តសណ្តោង បណ្តាលឲ្យរងរបួសធ្ងន់រួចមក ។ ក្រោយកើតហេតុកម្លាំងជំនាញចរាចរណ៍ខេត្ដ បានចុះវាស់វែង និងធ្វើកំណត់ហេតុយកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ។
ករណីនេះកើតឡើងម៉ោង១៦ និង៥០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រ 46-47 ចំណុចភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ភាគីរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខព្រះសីហនុ 3A-6189 សណ្ដោងរ៉ឺម៉កពាក់ស្លាកលេខព្រះសីហនុ 4A-2106 អ្នកបើកបរឈ្នោះ រ៉ា ឌៀប ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅ ភូមិកំព្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា តាមការសាកសួរសាក្សីដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុមាន ម៉ូតូគ្រឿង ម៉ាកហុងដា Click ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CX-8884 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណទិសដៅពីលិចទៅកើត ស្រាប់តែដល់កន្លែងកើតហេតុ ក៏បានរេចង្កូតចូលចំណែកផ្លូវរថយន្តប៉ះគ្នាបណ្តាលឲ្យដួលរងរបួសធ្ងន់តែម្តង ។
ប្រភពបន្តថា ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗផងដែរ ដើម្បីសង្រ្គោះ ។
តាមការបញ្ជាក់របស់ជំនាញនគរបាលចរាចរណ៍គឺថាគ្រោះថ្នាក់ខាងលើនេះ បណ្ដាលមកពីអ្នកបើកបរម៉ូតូមិនប្រកាន់ស្ដាំទើបធ្វើឲ្យមានគ្រោះថ្នាក់កើតឡើង ។ គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យខូចខាតម៉ូតូ០១គ្រឿង និងរងរបួសធ្ងន់មនុស្សម្នាក់ ចំណែកមធ្យោបាយបង្កត្រូវបានជំនាញចរាចរណ៍យកមករក្សាទុកជាបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រង់ចាំការកសាងនីតិវិធីបន្ដ ៕ សេនាស័ក្តិ