ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយទុយយោធុងហ្គាស ឆេះផ្ទះលក់ហ្គាស ចង្ក្រានហ្គាស និងគ្រឿងសំណង់យីហោ វេង ងួន ផ្អើលសមត្ថកិច្ចទាំងថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីនគរបាលខណ្ឌទួលគោក ចេញរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការក្នុងខណ្ឌមកជួយអន្តរាគមន៍ទាន់ពេលវេលា ខណៈដែលធ្លាយទុយយោធុងហ្គាស បណ្ដាលឲ្យអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋលក់ហ្គាស ចង្ក្រានហ្គាស និងគ្រឿងសំណង់យីហោ វេង ងួន ផ្លូវកម្ពុជាក្រោម និងធ្វើឲ្យម្ចាស់ផ្ទះរលាកពេញខ្លួនផងដែរ ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះលក់ហ្គាស ចង្ក្រានហ្គាស និងគ្រឿងសំណង់យីហោ វេង ងួន ដែលមានទីតាំងផ្ទះ លេខ៧៦៧ ផ្លូវលេខ១២៨ ក្រុមទី២៩ ភូមិ៨ ផ្លូវកម្ពុជាក្រោម(ផ្លូវលេខ១២៨) នៅម្តុំសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ហេង ប៊ុង ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ បណ្ដាលឲ្យរងរបួសរលាក ភ្លើងនៅដៃទាំងសងខាង , ក និងក្រោមឃ្លៀក ខាងស្តាំ បានបញ្ជូនទៅមន្ទីរសម្រាកព្យាបាល អង្គរធំ ។

តាមប្រភពដដែលបន្តថា ករណីអគ្គិភ័យខាងលើនេះ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានជួយពន្លត់ទាន់ពេលវេលា ដោយប្រើប្រាស់បំពង់ពន្លត់អគ្គីបាញ់ពន្លត់អស់ ចំនួន ១៧បំពង់ និងរថយន្តពន្លត់អគ្គីភ័យប្រចាំខណ្ឌទួលគោក បានមកអន្តរាគមន៌ពីរគ្រឿង តែពុំបានប្រើប្រាស់ទឹកទេ ។ មូលហេតុ ដោយសារធ្លាយទុយយោធុងហ្គាស នៅផ្ទះបាយ ។

ក្រោយកើតហេតុ អគ្គីភ័យបានរលត់ទៅវិញនៅវេលាម៉ោង ២និង០៥នាទីរសៀលថ្ងៃ ខែ ឆ្នាំដដែល ៕ស តារា


ចែករំលែក៖