ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្ស២នាក់របួសធ្ងន់ នៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស២នាក់រងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ ខណៈដែលពួកគាត់ជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូធុនធំម៉ាក FZ និងម៉ូតូ ViVA បុកគ្នាពេញទំហឹង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃពុធ ១១រោង ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខច្រកចូលផ្សារក្រមួន ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីនគរបាល ប្រឆាំងគ្រឿងញៀន ទំនងជាស្រវឹងស្រា បានបើកម៉ូតូម៉ាកស៊ុយហ្ស៊ីយគី VIVA មួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ នគរបាល 1-5560 ធ្វើដំណើរចេញពីច្រកចេញចូលផ្សារក្រមួន រួចឡើងតាមផ្លូវជាតិលេខ២ ដោយឆ្លងផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែភ្លាមនោះមានម៉ូតូធុនធំមួយគ្រឿង ម៉ាក FZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DB-3517 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿនដូចគ្នា បានទៅបុកគ្នាចំពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូទាំងពីរគ្រឿង បានផ្លោងបោកទៅនឹងថ្នល់ រងរបួសបែកក្បាលហូរឈាមទាំងសងខាងតែម្តង ។ បន្ទាប់មកគេឃើញរថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់ បានចុះមកដឹកយកជនរងគ្រោះទាំងពីរនាក់ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម និងសមត្ថកិច្ចជំនាញចរាចរខណ្ឌមានជ័យ បានទាក់ទងទៅកាន់សាច់ញាតិរបស់ជនរងគ្រោះម្ចាស់ម៉ូតូ VIVA បន្តិចក្រោយមកក៏មានស្ត្រីជាប្រពន្ធរបស់ម្ចាស់ម៉ូតូ VIVA បានមកដល់កន្លែងកើតហេតុ រួចសមត្ថកិច្ចបានប្រគល់ ទូរស័ព្ទ របស់ជនរងគ្រោះ ទៅឲ្យស្ត្រីដែលជាប្រពន្ធជនរងគ្រោះ យកទៅរក្សាទុកវិញ រួចធ្វើការវាស់វែង និងយកម៉ូតូទាំង២គ្រឿងនោះទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី ៕ស រស្មី


ចែករំលែក៖