ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកកម្មករ បុករថយន្តស៊ីទែនដឹកប្រេង របួស១៥នាក់ និង៤៥នាក់ទៀត ភ័យព្រលឹងចុងសក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់កម្មករកម្មការិនី ១៥នាក់ក្នុងចំណោម៦០នាក់ បានរងរបួសស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់រវាងរថយន្តដឹកកម្មករបុកគូថ រថយន្តស៊ីទែនដឹកប្រេងពីក្រោយពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរ ចោមរោមមើល និងរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាន ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយទាប ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៩ ចន្លោះគីឡូម៉ែត្រ១៣៩ និង១៤០នៅលើផ្លូវជាតិលេខ ១ ស្ថិតនៅភូមិថ្នល់ កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា អ្នកបើករថយន្ត ដឹកកម្មករ បង្កហេតុ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ខៀវ ហន អាយុ២៥ ឆ្នាំ មុខរបរ បើកបរ រថយន្ត ជនជាតិខ្មែរ រស់នៅភូមិថ្លុកព្រីងឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ចំពោះកម្មករ ដែលជិះក្នុងរថយន្តមាន៦០នាក់ ប៉ុន្តែអ្នករងរបួសស្រាលតែ១៥នាក់ មានបុរសម្នាក់ ខណៈកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយទាប ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានរថយន្តដឹកកម្មករ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ ៣D ៤០១៤ ដោយធ្វើដំណើរពីទិសដៅ ពីលិចទៅកើតលើកំណាត់ផ្លូវ ជាតិលេខ១ លុះបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តស៊ីទែនដឹកប្រេង ទិសដៅស្របគ្នានៅខាងមុខ ជាន់ហ្រ្វាំងបង្អង់ល្បឿន ក៏បុកពីក្រោយយ៉ាងពេញទំហឹង បង្កការស្រែកផ្អើលឆោឡោដល់កម្មករជិះក្នុងរថយន្ត ភ័យព្រលឹងចុងសក់ និងរងរបួសស្រាលតែប៉ុណ្ណោះ ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើងដោយសារតែរថយន្តបើកកៀកគ្នា ដោយទុកចន្លោះសុវត្ថិភាពមិនគ្រប់គ្រាន់ ។

បច្ចប្បន្នអ្នករងរបួស១៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែក ស្រុកស្វាយទាប ហើយរថយន្តដឹកកម្មករ បង្កហេតុត្រូវយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយតាមច្បាប់ ៕ យឹមសុថាន


ចែករំលែក៖