ភ្នំពេញ៖ ថ្មីៗនេះកាកបាទក្រហមអន្តរជាតិ បានដឹកនាំប្រតិភូជាមន្ត្រីប្រទេសកូរ៉េខាងជើងបាន អញ្ជើញមកស្វែងយល់ពីបច្ចេកទេសដោះមីននៅកម្ពុជា ជាពិសេសការដោះគ្រាប់បែកទម្លាក់ពីលើយន្តហោះ របស់អាមេរិក នៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) រាជធានីភ្នំពេញ បន្ទាប់ពីប្រទេសកម្ពុជា មានបទពិសោធខាងដោះមីនជាង២ទសវត្សមកហើយនោះ។
អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានមានប្រសាសន៍ថា ថ្មីៗនេះ «កាកបាទក្រហមអន្តរជាតិ បានដឹកនាំគណ:ប្រតិភូកូរ៉េខាងជើងមួយក្រុម មកសិក្សាស្វែងយល់ពីបច្ចេកទេសបោសសម្អាតគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមជាមួយអង្គភាពស៊ីម៉ាក់ ។ ក្នុងឱកាសនោះ មន្ត្រីជំនាញរបស់ស៊ីម៉ាក់ បានពន្យល់ ពីបច្ចេកទេសដោះមីន ដោះគ្រាប់បែកទម្លាក់ពីលើយន្តហោះ និងគ្រាប់បែកចង្កោម ជូនគណៈប្រតិភូបានជ្រាបផងដែរ ហើយអ្វីដែលគណ:ប្រតិភូកូរ៉េខាងជើងចាប់អារម្មណ៍ខ្លាំងនោះគឺបច្ចេកទេសបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះ» ដែលកម្ពុជាធ្វើបានតែម្តង ។
លោក ហេង រតនា បានបញ្ជាក់ថា គិតចាប់ពីបើកប្រតិបត្តិការជាង២០ឆ្នាំកន្លងមកនេះ ស៊ីម៉ាក់បានធ្វើការកម្ទេចគ្រាប់មីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ រហូតដល់២.៧លានគ្រាប់ ពោលប្រមាណ៧០ភាគរយ នៃគ្រាប់មីនដែលបន្សល់ទុកនៅកម្ពុជា និង៥៣ភាគរយ នៃចំនួនផ្ទៃដីសរុបដែលមានគ្រាប់មីន។ ក្នុងនោះមានគ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពីលើយន្តហោះ របស់អាមេរិកនៅកម្ពុជាក្នុងទសវត្ស៦០-៧០ ផងដែរ ៕ ប្រាថ្នា