ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនចោរជំនាញលួច២នាក់ ដាក់គុកព្រៃស

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាលួចយ៉ាងស្ទាត់ជំនាញ រួចបានសាកសួរចប់នីតិវិធី ហើយក៏បញ្ជូនចោរ២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោស លុះនៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ។

មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់នេះ ជាចោរពីរផ្សេងគ្នា ក្នុងនោះម្នាក់ ជាចោរលួចយ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលប្រព្រឹត្តបទល្មើសមិនរៀងចាល ទោះបីធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន២ដង ក្នុងរយៈពេលយូរឆ្នាំក៏ដោយ តែយ៉ាងណាក្តីអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន កសាងសុំណុំរឿងបញ្ជូនពួកគេទាំង២នាក់ ទៅតុលាការ ដោយទី; ១/ឈ្មោះ ផុន ស៊ីថេត ហៅវ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២០និង៣០នាទី នៅចំណុច ស្តុបសាលាដែក ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេបានបន្លំចូលលួចម៉ូតូ ០១គ្រឿងម៉ាក ហុងដា សេ១១០(សង់ប៊ិច) ពណ៍ខ្មៅ សេរីឆ្នាំ២០១២ ស្លាកលេខ ភ្នំពេញ1BD-0138 របស់ជនរងគ្រោះ ឈ្មោះ សែម រ៉ានួក ភេទប្រុស អាយុ ២៥ឆ្នាំ ដល់ក្នុងផ្ទះ។

តាមការសាកសួរ ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ បានសារភាពឲ្យដឹងថា រូបគេគឺជាសន្តិសុខនៅផ្សារទំនើប AEON2(សែនសុខ) មានមុខងារផ្នែកកឹបសំបុត្រម៉ូតូ។ នៅថ្ងៃកើតហេតុមុនធ្វើសកម្មភាព រូបគេបានសុំចេញធ្វើការមុនម៉ោងនៅកន្លែងការងាររបស់គេ ហើយបានជិះម៉ូតូកង់បីទៅផឹកស្រាម្នាក់ឯងនៅរង្វង់មូលជ្រោយចង្វារ ក្រោយពេលផឹកអស់ប្រហែល ១០កំប៉ុង រូបគេបានដើរទៅកន្លែងលក់ក្របីងៀតនៅត្រើយម្ខាង ពេលដើរដល់រូបគេបានឃើញ ម៉ូតូ ០១គ្រឿងម៉ាក ហុងដា សេ១១០(សង់ប៊ិច) ពណ៍ខ្មៅ សេរីឆ្នាំ២០១២ ស្លាកលេខ ភ្នំពេញ1BD-0138 ចតទុកនៅមុខហាងលក់ក្របីងៀតនោះ ដោយពុំមានចាក់សោរ ក រូបគេបានបន្លំដើរចូលទៅសួរតម្លៃក្របីងៀតនោះ ក្រោយមកស្រាប់អ្នកលក់ក្របីងៀតដែលជាម្ចាស់ម៉ូតូបានដើរចូលទៅក្នុងផ្ទះ ឃើញឳកាសល្អ រូបគេក៏លួចយកម៉ូតូនោះតែម្តង។លុះពេលរូបគេអូសម៉ូតូនោះដល់ស្តុបសាលាដែក ស្រាប់តែម្ចាស់ម៉ូតូចេញមកមិនឃើញម៉ូតូរបស់ខ្លួន ហើយបានឃើញជនសង្ស័យ ខាងលើ កំពុងបណ្តើរម៉ូតូរត់ បានស្រែកឆោរឡោលឺដល់សមត្ថកិច្ចអាវុធហត្ថដែលល្បាតនៅទីនោះឃើញក៏ធ្វើការឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចបន្តថា ជនសង្ស័យទី២ ឈ្មោះ ហាន ឌឿន ភេទប្រុស អាយុ ២៥ឆ្នាំ ឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៤:៣០នាទី នៅចំណុច ក្លោងទ្វារវត្តកប់ស្រូវ ភូមិកប់ស្រូវ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេ បានយកកាំបិតចិតបន្លែចុងស្រួច ប្រវែងប្រហែល ២,៥០សង់ទីម៉ែត្រ មកភ្ជុងគំរាមទៅលើជនរគ្រោះឈ្មោះ ងៃ ឈាត ភេទប្រុស អាយុ ២៥ឆ្នាំ ដើម្បីគំរាមប្លន់យកម៉ូតូ និងលុយពីជនរងគ្រោះ ខណៈដែលជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ស្លាកលេខ ភ្នំពេញ 1CM-9022 ដឹកនំប៉័ងលក់ ដោយរូបគេបានប្រើល្បិចជាទិញនំប៉័ង របស់ជនរងគ្រោះ បន្ទាប់មកឃើញឳកាសល្អ ក៏បានធ្វើសកម្មភាពប្លន់ ទៅលើជនរងគ្រោះ ព្រោះតែជនរងគ្រោះមិនព្រមប្រគល់ម៉ូតូ និងលុយឲ្យ ហើយបានបណ្តើរម៉ូតូរត់ ភ្លាមនោះស្រាប់តែជនសង្ស័យ បានយកបំពង់ទីប មកវាយលើជនរងគ្រោះបណ្តាលត្រូវប្រអប់ដៃស្តាំហើម និងវាយចំភ្លៅ បន្ទាប់មកស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថខណ្ឌព្រែកព្នៅ កំពុងល្បាតក្នុងភូមិសាស្រ្តរបស់ឃើញ ក៏ធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។

ក្រោមវិធានការជំនញ នៃការសាកសួររបស់សមត្ថកិច្ចជំនាញនៃការិយាល័ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ ហាន ឌឿន បានសារភាពឲ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពគំរាម ,ប្លន់ ជនរងគ្រោះ ខាងលើ ពិតប្រាកដមែន។ នៅថ្ងៃកើតហេតុ រូបគេបាន ឃើញជនរងគ្រោះកំពុងដឹកនំប៉័ងលក់នៅតាមភូមិ លុះពេលជិះដល់ចំណុច ក្លោងទ្វារវត្តកប់ស្រូវ ភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រូបគេបានហៅជនរងគ្រោះឲ្យឈប់ ដោយប្រើល្បិចជាទិញនំប៉័ង ដោយឃើញឳកាសល្អ រូបគេបានធ្វើសកម្មភាពប្លន់តែម្តង ហើយបានយកកាំបិតចិតបន្លែចុងស្រួចមកភ្ជុង គំរាមប្លន់យកម៉ូតូ និងប្រាក់ តែជនរងគ្រោះមិនព្រមឲ្យ និងបានបណ្តើរម៉ូតូរត់ រូបគេបានយកបំពង់ទីប ដែលលាក់ទុកចោលនៅក្លោងទ្វារវត្តជាយូរហើយ មកវាយលើជនរងគ្រោះចំប្រអប់ដៃបណ្តាលឲ្យហើយ និងវាយចំភ្លៅ ហើយជនរងគ្រោះបានផ្តួលម៉ូតូរត់ ភ្លាមនោះស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថខណ្ឌព្រែកព្នៅកំពុងល្បាតឃើញ ក៏ធ្វើការឃាត់ខ្លួនរូបគេតែម្តង។

រូបគេបានបញ្ជាក់បន្ថែមទៀតថា កន្លងមករូបគេធ្លាប់ជាប់ពន្ធនាគារព្រៃស ០២ដង រួចមកហើយ លើកទី១ ជាប់រយៈពេល ០៣ឆ្នាំ កាលពីឆ្នាំ២០១២ ចេញមកវិញឆ្នាំ២០១៥ ពីបទហិង្សាដោយចេតនា(ប្រើកូនកាំបិតចាក់គេ)។ លើកទី២ ជាប់រយៈពេល ០១ឆ្នាំ កាលពីឆ្នាំ២០១៧ ចេញមកវិញឆ្នាំ២០១៨ ពីបទលួច ។ ក្រោយមករូបគេបានធ្វើសកម្មភាពលួចបានសម្រេចជាបន្តបន្ទាប់ ជាច្រើនលើកផងដែរ ក្នុងនោះលួចទូរស័ព្ទបាន ២០គ្រឿង និងម៉ូតូបាន ០៧គ្រឿង

បច្ចុប្បន្នជនសង្ស័យទាំង២នាក់នេះ ត្រូវបានចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ៕ស តារា


ចែករំលែក៖