ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត BMW ប៉ះជាមួយនិងរថយន្ត ALPHARD ប្រកែកយកត្រូវរៀងខ្លួន ឈ្លោះគ្នាផ្អើលសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិចិនម្នាក់ឈ្លោះប្រកែកជាមួយបុរសជនជាតិខ្មែរ យកខុសត្រូវរៀងៗខ្លួន ខណៈដែលពួកគេបើកបរខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យរថយន្តស៊េរីទំនើប២គ្រឿង ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ប៉ះគ្នារងការខូចខាតរថយន្តទាំងសងខាង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ទល់មុខហាងគុយទាវ ហេង ជឿន តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកBMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-1099 បើកបរដោយបុសម្នាក់ វ័យប្រហែលជាង៥០ឆ្នាំ ។ ចំណែករថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក ALPHARD ពាក់ស្លាកលេខ ភ្នំពេញ 2AV-5800 បើកបរដោយបុរសជនជាតិចិន រួមនឹងអ្នកដំណើរប្រមាណជា៣-៤នាក់ក្នុងរថយន្ត ។

សាក្សីបានបន្តថា មុនពេលកើតហេតុនោះ គេឃើញម្ចាស់រថយន្ត BMW បានបើកបរក្នុងទិសដៅកើតទៅលិច មកចតលើចំណីផ្លូវមុខហាងគុយទាវ «ហេង ជឿន» បម្រុងនឹងចូលហាងគុយទាវនោះ ស្រាប់តែបើកទ្វារថយន្តចេញដោយខ្វះការប្រុងប្រយ័ត្ន ភ្លាមនោះក៏ត្រូវរថយន្ត ALPHARD បើកបរដោយបុរសជនជាតិចិន ក្នុងទិសស្របគ្នា មកពីក្រោយ ក៏ជ្រុលទៅបុកនឹងទ្វារបស់រថយន្ត BMW នោះតែម្តង បណ្តាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាតដូចគ្នា ។ ភ្លាមនោះក៏មានអ្នកតំណាងទាំងសងខាង ចេញមកជជែកគ្នាយកត្រូវរៀងខ្លួន អស់រយ:ពេលជាង២ម៉ោងមិនត្រូវគ្នា ទើបសមត្ថកិច្ចជំនាញចុះអន្តរាយគមន៍វាស់វែង យករថយន្តទាំង២គ្រឿងយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំឲ្យភាគីទាំង២ដោះស្រាយគ្នាបន្តនីតិវិធីច្បាប់នៅពេលក្រោយ ។

ក្នុងហេតុការណ៍នោះដែរ ភាគីខាងរថយន្តBMW ព្រមយករថយន្តធ្វើជុសជួលរៀងខ្លួន ។ ប៉ុន្តែខាងរថយន្តALPHARD របស់ជនជាតិចិនមិនព្រម ដោយទាមទារសំណង់ថ្លៃជុសជួលរថយន្តឡើងវិញ ចំនួន៣៥០០ដុល្លារ ៕ស រស្មី


ចែករំលែក៖